អំពី “គជបភ”

image

ភេរវកម្មជាការគំរាមកំហែង និងកង្វល់រួមរបស់ប្រជាជាតិនៅក្នុងលោកយើងនេះ ។ ពាក្យ «ភេរវកម្ម» ត្រូវបានគេ ទទួលស្គាល់ និងប្រើប្រាស់ជាលើកដំបូងនៅទ្វីបអ៊ឺរ៉ុប នាខែវិច្ឆិកា ឆ្នាំ១៧៩៤ និងមានសណ្ឋាន និងអត្ថន័យតាមបែបបទ ផ្សេងៗគ្នា។ រហូតមកដល់សព្វថ្ងៃពាក្យ «ភេរវកម្ម» សំដៅលើអំពើហឹង្សាដែលមានគោលដៅបង្ករភាពតក់ស្លុត និងដើម្បីដាក់ សម្ពាធលើរដ្ឋមួយក្នុងន័យអវិជ្ជមាន។

យោងតាមច្បាប់ស្តី​ពី​ការផ្តន្ទា​ទោស​អំពើ​ភេរវកម្មចុះ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៩២ បាន​ចែងថា «អំ​ពើ​ភេរវ​កម្ម​ជា​អំ​ពើ ហឹង្សាទាំង​ឡាយ​ដែល​ប្រព្រឹត្តដោយ​ជន​ម្នាក់ ឬ​ ជន​​មួយ​​ក្រុម​ ឬ ច្រើនក្រុម បង្កើត​ភាព​ភិត​ភ័យ​តក់​ស្លុត​ក​នុង​ចំណោម ប្រជាជន​​ក្នុង​​គោល​ដៅ​ធ្វើ​ឱ្យ​ជ្រួល​ច្រ​បល់​យ៉ាង​ខ្លាំង​ដល់​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​សា​ធារណៈ​និង ឱ្យ​ប៉ះ​ពាល់​ដល់​ស្ថេរ​ភាព​នយោ​បាយ​»។ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​បាន​អនុម័ត​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ច្បាប់​ថ្មី​ស្តី​ពី​ការ​ប្រឆាំង​ភេរវ​កម្ម​នៅ​ថ្ងៃទី​ ២០ ខែ​កក្កដាឆ្នាំ២០០៧ តាមព្រះរាជក្រមលេខ នស/រកត/០៧០៧/០១។

ក្រោយ​ព្រឹត្តិការណ៍​វាយ​ប្រហារ​ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ទៅ​លើ​អាគារ​ពាណិជ្ជកម្ម​នៅទីក្រុង​ញូយ៉ក​នៃ​សហរដ្ឋ ​អាមេរិក​មក​ ភេរវ​កម្ម​បាន​ក្លាយ​ជា​បញ្ហា​បច្ចុប្បន្ន​ភាព​ និង​ជា​ការ​ព្រួយ​បារម្ភដ៏​ធំ​របស់​ពិភព​លោក​សព្វ​ថ្ងៃ ។

រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​មាគ៌ា​ដឹក​នាំ​ដ៏ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ចូល​រួម​ចំណែក​ជាមួយ​ពិភព​លោក​ក្នុង​ការ​ ទប់​ស្កាត់​ ប្រ​យុទ្ធ​ ប្រ​ឆាំង​នឹង​អំពើ​ភេរ​វកម្ម​ ។

នៅ​​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៤ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​នូវ​សេចក្តីសម្រេច​លេខ៨០ ស.ស.រ បង្កើត​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ដឹកនាំ​បញ្ជាការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​អំពើ​ភេរវកម្ម(និង​តាម​ព្រះរាជក្រឹត្យ​លេខ​នស/រកត/០២០៨/១៧២ ចុះ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៨) ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ជា​ប្រធាន និង​មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន ០៥ រូប ជា​អនុប្រធាន និង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ រួមទាំង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​តំណាង​ស្ថាប័ន​ក្រសួង​ពាក់​ព​ន្ធ័សំខាន់ៗជាច្រើន​រួម​ទៀត ក៏​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​នេះ ផងដែរ។

ដើម្បីដំណើរការ​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធិភាព​ខ្ពស់​របស់​គណៈកម្មាធិកា​រ​ជាតិ​ដឹកនាំ​បញ្ជាការ ប្រយុទ្ធ ប្រឆាំង​និង​ទប់ស្កាត់​អំពើ​ភេរវកម្ម នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៥ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីសម្រេច​លេខ ២៥ ស.ស.រ ដើម្បី​បង្កើត​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ដឹកនាំ​បញ្ជាការ​ប្រយុទ្ធ​និង​ទប់ស្កាត់​អំពើ​ភេរវកម្ម​ចំណុះ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ជា​សេនាធិការ ។ បន្ទាប់មក​បាន​កែសំរួល​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ និង លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ដឹ​នាំ​បញ្ជាការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​អំពើ​ភេរវកម្ម តាម​សេចក្តីសម្រេច​របស់ រាជរដ្ឋាភិបាល​កម្ពុជា​លេខ ២៨ ស.ស.រ ចុះ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៦។

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​លេខ ០៩ អនក្រ.បក ស្តីអំពី​ការបង្កើត នាយកដ្ឋាន​ចំណុះ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​បញ្ជាការ​ប្រយុទ្ធ ប្រឆាំង​និង​ទប់ស្កាត់​អំពើ​ភេរវកម្ម​ដែល មាន៥នាយកដ្ឋាន គឺ៖ ១. នាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ   ២. នាយកដ្ឋាន​ព័ត៌មាន​បច្ចេកវិទ្យា ៣. នាយកដ្ឋាន​ចារកម្ម និង ស៊ើបអង្កេត ៤. នាយកដ្ឋាន​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ និង     ៥. នាយកដ្ឋាន​ពិសេស ។ ការិយាល័យ​ចំនួន ២៥ អង្គភាព ចំណុះ​នាយកដ្ឋាន​ទាំង ៥ ក៏​ត្រូវបាន​បង្កើតឡើង​តាម​ប្រកា​សលេខ ១៨/០៨ គ.ជ.ប.ភ ចុះ​ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០០៨ ផងដែរ ។