ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គជបភ ទទួលជួបការសំដែងការគួរសមជាមួយ ឧត្តមសេនីយ៍ឯក ភី. ហ្គាតណឺ ហូវី P. Gardner Howe, III មេបញ្ជាការនៃបញ្ជាការដ្ឋាន កម្លាំងពិសេស សហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក

0

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការ ដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានទទួលជួបការសំដែងការគួរសមជាមួយឧត្តមសេនីយ៍នាវីឯក ភី. ហ្គាតណឺ ហូវី P. Gardner Howe, III មេបញ្ជាការមេបញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក ក្នុងឱកាសដំណើរ ទស្សនកិច្ចរបស់លោក និងប្រតិភូនៃបញ្ជាការដ្ឋានកម្លាំងពិសេសសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកនៅប្រទេសកម្ពុជា នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ។

ក្នុងជំនួបនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍នាវីឯក ភី. ហ្គាតណឺ និងប្រតិភូរបស់លោក (រួមមានដូចជា៖ ឧត្តមនាវីឯក ភី ហ្គាតណឺ ហូវី មេបញ្ជាការទ័ពពិសេសប្រចាំតំបន់ប៉ាស៊ីហ្វិក- លោក ភេន ថេនជីល               ទីប្រឹក្សាជាន់ខ្ពស់ នៃបញ្ជាការដ្ឋានទ័ពពិសេសប្រចាំតំបន់ប៉ាស៊ីហ្វិក -វរសេនីយឯក ក្រេក ទីបពីន សេនានុពន្ធ័យោធា ជាន់ខ្ពស់ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា -លោក ជឺរឺមី អូដូណែល ប្រធានក្រុមជួរមុខរបស់បញ្ជាការដ្ឋានប៉ាស៊ីហ្វិក និងមន្រ្តីយោធាប្រចាំនៅស្ថានទូត ចំនួន ០៥ នាក់ទៀត) ដែលបានឆ្លៀតឱកាសដ៏មមាញឹករបស់លោកមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាសំដែងការគូរសមនេះ ។ ឯកឧត្តមបានរំលឹកពីការរីកចំរើននៃកិច្ចសហប្រតិបត្តិការដែលបញ្ជាការដ្ឋានកម្លាំងពិសេស សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងបញ្ជាការដ្ឋានកម្លាំងពិសេសជាតិប្រឆាំងភេរវកម្ម ក្នុងរយៈពេល ០៥ ឆ្នាំចុងក្រោយនេះ ដែលមានសកម្មភាពមមាញឹកគួរ ជាទីពេញចិត្ត និងមោទនភាពនៃកិច្ចសហប្រតិបត្តិការនេះ ក្នុងនោះរួមទាំងជោគជ័យនៃការធ្វើសមយុទ្ធទ្រង់ទ្រាយធំដ៏ជោគ ជ័យរួមគ្នា (Elips Charlie) រួមគ្នារវាងបញ្ជាការដ្ឋានកម្លាំង ពិសេសសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងបញ្ជាការដ្ឋានកម្លាំងពិសេសជាតិប្រឆាំងភេរវកម្មរបស់កម្ពុជា កាលពី ២ ឆ្នាំកន្លងមកនេះ ។

ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍នាវីឯក ភី. ហ្គាតណឺ ហូវី បានសំដែងនូវការថ្លែង អំណរគុណចំពោះកិច្ចសហប្រតិបត្តិការ របស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្មរបស់កម្ពុជា ជាមួយនឹងបញ្ជាការដ្ឋានកម្លាំងពិសេសសហរដ្ឋ អាមេរិកប្រចាំ តំបន់អាស៊ី ប៉ាស៊ីហ្វិក នាពេលកន្លងមក និងបានសន្យានឹង បង្កើននូវចំណងកិច្ចសហប្រតិបត្តិការដ៏ល្អនេះឱ្យកាន់តែរីកចំរើនថែមទៀត រួមទាំងការផ្តោតលើផែនការហ្វឹកហ្វឺនរួមគ្នាក្នុង រយៈពេលវែង និងផែនការលំហាត់សមយុទ្ធ នាពេលអនាគតផងដែរ ។

កិច្ចប្រជុំជួបសំណេះសំណាលសំដែងការគួរសមបានបញ្ចប់ក្រោមបរិយាកាសស្និតស្នាល និងសហការគ្នាលដ៍បំផុត។

01 02 03 04 05 06