ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​ឱម យ៉ិនទៀង ​អញ្ជើញ​ជា​អធិ​បតី​ភាព​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ស្តី​ពី​ការ​ឆ្លើយ​តប​ការ​គំរាម​កំហែង​ពី​សារ​ធាតុ​គី​មី​​ ​ជីវ​សា​ស្រ្ត វិទ្យុ​សកម្ម​ និងនុយក្លេអ៊ែរ

0

ភ្នំពេញៈ នាព្រឹកថ្ងៃទី 05 ខែឧសភា ឆ្នាំ2014 លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម សហការជាមួយសហគមន៍អ៊ឺរ៉ុប បានបើកវគ្គហ្វឹកហ្វឺនស្តីពីការឆ្លើយតបការគំរាមកំហែងពីសារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលប្រព្រឹត្តិពីថ្ងៃទី 05 ដល់ ថ្ងៃទី09 ខែឧសភា ឆ្នាំ2014 នៅក្នុងទីតាំង លេខាធិការដ្ឋាន គជបភ (ទីតាំងពោធិ៍ ចិនតុង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គជបភ និងលោក ហ្វ្រង់ស្វរ គូតង់ ឯកអគ្គរដ្ឋទូត សហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា  និងមានការចូលរួមពីសិក្ខាកាមមកពីបណ្តាអង្គភាពនានា ដូចជា ប៉ូលីស យោធា និងមន្ត្រីរបស់លេខាធិការដ្ឋាន គជបភ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គនេះ  ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីសកម្មភាពនានារបស់ពួកភេរវករដែល ធ្លាប់បង្កនាពេលកន្លងមកទៅលើបណ្តា ប្រទេសជាច្រើននៅក្នុងពិភពលោក ហើយវាបានគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខរបស់ប្រទេសជាតិ។ បច្ចុប្បន្នពួកភេរវករបានព្យាយាមស្រាវជ្រាវស្វែងរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដែលពេលខ្លះវាថែមទាំងបានយកបច្ចេកវិទ្យាថ្មី‌ៗដើម្បីជាជំនួយក្នុងប្រតិបត្តការរបស់ពួកវា ដូច្នេះហើយដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាជនទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោក គឺយើងចាំបាច់ត្រូវតែអភិវឌ្ឍខ្លួនឲ្យបានឆាប់រហ័ស និងជាពិសេសនោះគឺត្រូវតែរួមសហការណ៍គ្នា ចែករំលែកព័ត៌មានគ្នា ធ្វើយ៉ាងរក្សាសុខសន្តិភាពជូនប្រជាជនឲ្យបាន។ មិនតែប៉ុណ្ណោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ថែមទាំងបានបញ្ជាក់ជូនអង្គពីធីទាំងមូលអំពីជំហររបស់កម្ពុជា គឺមិនដែលភ្លេចខ្លួនក្នុងការប្រឆាំងទៅនឹងអំពើភេរវកម្មនោះឡើយ។

នាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងអំណរគុណ​ដល់សហគមន៍អ៊ឺរ៉ុប ដែលតែងតែសហការជាមួយលេខាធិការដ្ឋាន គជបភ និង បានលើកទឹកចិត្តដល់សិក្ខាកាមឱ្យខិតខំប្រឹងប្រែង រៀនសូត្រដើម្បីទទួលបានជោគជ័យក្នុងភារកិច្ចរបស់ខ្លួន ៕

01 02 03 04 05 06 07