ឯកឧត្តម ឱម យ៉ិនទៀង ៖ វិន័យរបស់កងទ័ពគឺ គោរពថ្នាក់លើ ស្រឡាញ់ថ្នាក់ស្មើ ថែទាំថ្នាក់ក្រោម

0

​ព្រះ​វិហារ​ ​៖​ ​មាន​​ប្រសាសន៍​​សំណេះ​សំណាល​​ទៅកាន់​កង​ទ័ព​​ ​និង​គ្រួសារ​កងទ័ព​​ ​ក្នុង​កងពល​ធំ​​អន្តរាគមន៍​លេខ​៣​​ ​ឯក​ឧត្តម​​ទេស​រដ្ឋមន្រ្តី​​ ​ឱម​​​ ​​​​យ៉ិន​​​​​ទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ ​និង​ជា​អនុ​ប្រធាន​ ​លេខា​ធិការដ្ឋាន​គណៈ​កម្មាធិការ​​ជាតិ​​ប្រឆាំង​ភេរវកម្ម​ ​បាន​មាន​ប្រសាសន៍​ថា​ ​‘’​បច្ចុប្បន្ននេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​​ ​បាន​ធ្វើការ​កែទម្រង់​ដោយ​ប្តូរ​ទស្សនៈ​​ ​រវាង​អ្នក​​គ្រប់គ្រង​ ​និងអ្នក​ដែល​ត្រូវ​គេ​គ្រប់​គ្រង​ ​ដោយ​ឯកឧត្តម​បានលើក​ជា​ឧទាហរណ៍​ពី​ស្ថាប័ន​ស៊ីវិល​ថា​ ​ពីមុន​ទំនាក់​ទំនង​រវាង​អ្នក​​គ្រប់​គ្រង​ ​និង​អ្នក​ដែល​ត្រូវ​គេ​គ្រប់គ្រង​ ​វាហាក់បីដូច​ជា​ចៅហ្វាយ​ ​និង​សេនាធិការ​ ​ប៉ុន្តែ​ឥឡូវ​គឺអត់ទេ​ ​អ្នក​គ្រប់គ្រង​គឺជា​អ្នក​​ផ្តល់​​សេវា​ឲ្យ​ថ្នាក់​ក្រោម​’’​។​​ ​ឯក​ឧត្តម​ទេសរដ្ឋមន្រ្តី​ ​មានប្រសាសន៍បន្តថា​ ​‘’​ដោយឡែក​ផ្នែក​កងទ័ព​​ ​គឺ​មាន​វិន័យ​របស់​​កង​ទ័ព​​ គឺ​​គោរព​​​ថ្នាក់លើ​ ​ស្រឡាញ់​ថ្នាក់ស្មើ​ ​ថែទាំ​ថ្នាក់ក្រោម​’’​ ​។​​

ការ​លើក​ឡើង​បែបនេះ​ ​ក្នុង​ឱកាស​ដែល​ឯក​ឧត្តម​ទេសរដ្ឋមន្រ្តី​ ​ឱម​​​ ​​​​យ៉ិន​​​​ទៀង​បាន​ដឹកនាំ​គណៈ​ប្រតិភូ​​ ​អង្គ​ភាព​ប្រឆាំង​​អំពើ​​ពុក​​រលួយ​,​ ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​,​ ​គណៈ​កម្មាការ​​សិទ្ធិ​មនុស្ស​កម្ពុជា​ ​និង​យុវជន​ក្រុម​ ​១២​​ ​ចុះ​​សួរ​​សុខ​ទុក្ខ​កងទ័ព​ ​និង​គ្រួសារ​កងទ័ព​ ​ក្នុង​កងពលធំ​អន្តរាគមន៍​លេខ៣​ ​ទិស​ប្រាសាទ​ព្រះវិហារ​ ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​​ពៃ​ណី​ជាតិ​ ​កាល​ពី​ថ្ងៃទី​ ​១០​ ​ខែ​ ​មេសា​ ​ឆ្នាំ​ ​២០១៥​ ​។

តាម​របាយការណ៍​របស់​ ​ឯក​ឧត្តម​ឧត្តមសេនីយ៍​ឯក​ ​ស្រី​ ​ឌឹក​ ​មេបញ្ជាការកង​ពល​ធំ​អន្តរាគមន៍​លេខ៣​ ​ប្រចាំ​ទិស​ប្រាសាទ​​ព្រះ​​វិហារ​ ​បាន​ឲ្យ​ដឹង​ថា​ ​កង​កម្លាំង​ដែល​កំពុង​ឈរ​ជើង​​ការពារ​ខែ្ស​ត្រៀម​ជួរមុខ​ ​បាន​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​​គ្រប់​ពេល​វេលា​​ ​ពិ​​សេស​​​​បាន​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ​ថែទាំ​អាវុធ​ យុទ្ធ​ភ័ណ្ឌ​ ​និង​គ្រឿង​បំពាក់​លេនដ្ឋាន​​គ្រប់​ប្រភេទ​ ​និង​បាន​ចេញ​ល្បាត​​តាម​​ភូមិសាស្រ្ត​ទទួល​ខុសត្រូវ​របស់ខ្លួន​ជាប់​ជាប្រចាំ​ ​និង​ខិតខំ​រក្សា​ ​បង្កើន​ទំនាក់​ទំនង​បានល្អ​ជាមួយ​កម្លាំង​ទាហាន​ថៃ​ ​ដែល​ឈរ​​ជើង​ទល់មុខ​ ​ដើម្បី​បញ្ជៀស​ឲ្យ​បាន​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ ​ដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​​កម្លាំង​អា​វុធ​ ​។​ ​​តាមរយៈ​សកម្មភាព​ទាំងនេះ​ហើយ​ ​បានធ្វើ​ឲ្យ​សភាពការ​តាមព្រំដែន​ដែលធ្លាប់​ប្រឈមមុខ​ដាក់គ្នា​ដោយសារ​​ការ​រំលោភ​បំពាន​ បច្ចុប្បន្ន​បាននិង​កំពុងតែ​ប្រែក្លាយ​ជា​ព្រំដែនមួយ​ដែលមាន​សុខ​សន្តិភាព​ ​កិច្ច​សហប្រតិបត្តិការ​​ល្អ​ ​និង​ការ​​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ​។​ ​ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក​ ​មាន​ប្រសាសន៍​បន្ត​ថា​ ​ដោយ​មាន​ការ​យកចិត្ត​ទុកដាក់​ពី​ ​សម្តេច​អគ្គ​ម​​ហា​សេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​បានធ្វើឲ្យជីវភាព​របស់​គ្រួសារ​កងទ័ព​មាន​​ការ​ផ្លាស់ប្តូរ​ ​តាមរយៈ​ការផ្តល់កម្មសិទ្ធ​ដីធ្លី​ ​ទន្ទឹម​និងនោះ​សម្តេច​ ​ក៏បានជំរុញ​ឲ្យធនាគារ​អភិវឌ្ឍន៍​ជនបទ​ផ្តល់​ប្រាក់​កម្ចី​ ក្នុង​អា​ត្រា​ការប្រាក់ទាប​ ​និងបាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ ​ម៉ែន​ ​សា​រុន​ ​ផ្តល់​ប្រាក់​កម្ចី​ជូន​គ្រួសារ​កងទ័ព​ ​ដោយ​មិន​យក​ការប្រាក់​ ​ដើម្បី​ឲ្យ​គ្រួ​​សារ​កង​ទ័ព​ ​មាន​លទ្ធភាព​យកទៅ​បង្កើត​សហគមន៍​គ្រួសារ​ ​និង​ការ​បង្ក​បង្កើន​ផល​ឲ្យ​កាន់​តែមាន​ភាព​ប្រសើរឡើង​ ​។

ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ ​ជា​ ​តា​រា​ ​អគ្គ​មេ​បញ្ជា​ការ​រង​ ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​បាន​មាន​ប្រសាសន៍​ថ្លែង​អំ​ណរ​គុណ​ ​​ឯក​ឧត្តម​ទេស​រដ្ឋមន្រ្តី​ ​ឱម​​​ ​​​​យ៉ិន​​​​​ទៀង​ ​និង​គណៈ​ប្រតិភូ​ទាំងអស់​​​ ​ដែល​តែង​តែ​នឹករលឹក​ ​យក​ចិត្ត​ទុកដាក់​​ ​និងនាំ​យក​​អំ​ណោយ​​​​សួរ​សុខ​ទុក្ខ​ដល់​កងទ័ព​ ​​និង​គ្រួសារ​កងទ័ព​ទាំងអស់​ដែល​កំពុង​​ឈរ​ជើង​នៅ​ទីនេះ​ ​។​

គួរ​បញ្ជាក់​ថា​ ​ចំពោះ​អំណោយ​ដែល​គណៈ​ប្រតិភូ​នាំ​មក​ជូន​កង​ទ័ព​ ​និង​គ្រួសារ​កង​ទ័ព​នៅ​ពេល​នេះ​មាន​គ្រឿង​ឧបភោគ​ ​បរិភោគ​ ​និង​សំភារៈ​ប្រើ​ប្រាស់​​ដែល​គិត​ជា​ថវិកា​ប្រមាណ​ជា​ ​៩​ម៉ឺន​ដុល្លា​សហរដ្ឋ​អាមេរិក​ ​៕​​ ​

001_1 002_1 003-11

003_1 004 006_1 007_1 008_1 009_1 010_1 011