យ៉ាងហោចណាស់មនុស្ស ២៩ នាក់បានស្លាប់ក្នុងហេតុការផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាមប្រទេសយេម៉ែន

0

ប្រភពព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៤ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

ទីក្រុងសាណា​ ( Sanaa ) ប្រទេសយេម៉ែន ( Yemen ) : គ្រាប់បែកមួយគ្រាប់ត្រូវបានផ្ទុះក្នុងខណៈដែលមានមនុស្សជាច្រើនកំពុងចូលរួមក្នុងពិធីបុណ្យអធិដ្ឋាន ( Eid ) នៅវិហារអ៊ីស្លាមក្នុងរដ្ឋធានីរបស់ប្រទេសយេម៉ែនដែលបានសម្លាប់មនុស្សយ៉ាងហោច ណាស់ ២៩ នាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។មន្រ្តីប្រចាំតំបន់មានការភ័យខ្លាចពីចំនួនអ្នកស្លាប់ដោយការវាយប្រហារនៅឯវិហារអ៊ីស្លាម       Al Bilaili  ក្នុងទីក្រុងសាណា (Sanaa) នឹងកើនឡើងដោយសារតែមានចំនួនមនុស្សរាប់សិបនាក់ផ្សេងទៀតកំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រុមភេរវកម្ម ISIS បានចេញមុខលើប្រព័ន្ធផ្សព្វផ្សាយសង្គម អះអាងទទួលខុសត្រូវក្នុងការបំផ្ទុះនេះ។ ក្រុមភេរវកម្ម ISIS បានបង្ហោះសេចក្តីថ្លែងការណ៍នេះនៅលើគេហទំព័រ Twitter និងបាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះជាផ្នែកមួយនៃដំណើរការប្រតិបត្តិការយោធាដើម្បីសងសឹកម៊ូស្លីម ( Muslim ) ប្រឆាំងនឹងពួកឧទ្ទាមហ៊ួធីស (Houthis)។ ពួកឧទ្ទាមហ៊ួធីស (Houthis) កំពុងដើរតួជារដ្ឋាភិបាលនៅក្នុងប្រទេសយេម៉ែនដោយបានជំរុញឱ្យរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិចេញពីអំណាច។ គំនរបាក់បែកគ្របដណ្តប់តាមដងផ្លូវ។ ដុំថ្មតូចធំរាយប៉ាយនៅខាងក្នុងវិហារអ៊ីស្លាម។ ឈាមប្រឡាក់កម្រាលព្រំដែលជាកន្លែងអធិដ្ឋាន។ ស្បែកជើងដែលជនមូស្លីមដោះទុកមុនពេលចូលទៅក្នុងវិហារអ៊ីស្លាមនៅតែមិនទាន់មានម្ចាស់មកយកនៅឡើយ។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារនេះគឺជាលើកទីប្រាំមួយហើយក្នុងរយៈពេលបីខែដែលវិហារអ៊ីស្លាម ត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារ។ ការអធិដ្ឋាននាពេលព្រឹកព្រលឹមនេះមានន័យថាជាការចាប់ផ្ដើមនៃពិធីបុណ្យ Eid al-Adha  ដែលធ្វើឡើងដើម្បីរំឭកដល់ឆន្ទៈរបស់អ័ប្រាហាំ (Abraham) ដែលបានបូជាកូនរបស់គាត់សម្រាប់ព្រះជាម្ចាស់។

Yemen 01

Yemen Bomb 011