យ៉ាងហោចណាស់មនុស្ស ១៨នាក់ស្លាប់នៅក្នុងការវាយប្រហារអត្តឃាតនៅផ្សារមួយក្នុងប្រទេសនីហ្សេរីយ៉ា

0

ប្រភពព័ត៌មានពី Global Times ចេញផ្សាយថ្ងៃទី ២៩ ខែ​ មករា ឆ្នាំ ២០១៦
សាក្សីបានឱ្យដឹងថាកាលពីថ្ងៃសុក្រថាយ៉ាងហោចណាស់មានមនុស្ស ១៨នាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួសបន្ទាប់ពីមានការវាយប្រហារអត្តឃាតមួយនៅផ្សារដែលមានមនុស្សច្រើនកកកុញក្នុងរដ្ឋ Adamawa ភាគខាងជើងប្រទេសនីហ្សេរីយ៉ា។ ការវាយប្រហារនេះធ្វើឡើងដោយក្មេងប្រុសជំទង់ម្នាក់ដែលធ្វើអត្តឃាតបំផ្ទុះខ្លួនឯងនៅក្នុងផ្សារក្នុងស្រុក Gombi។ សាក្សីម្នាក់ឈ្មោះ Abubakar Audu បានឱ្យដឹងថារាងកាយដែលឆេះខ្លោចរបស់ក្មេងប្រុសជំទង់ដែលបំផ្ទុះគ្រាប់បែកអត្តឃាតនោះក៏ស្ថិតក្នុងចំណោមជនរងគ្រោះដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះដែរ។ ប្រជាជនក្នុងតំបន់និយាយថាការវាយប្រហារនេះធ្វើឡើងដោយក្រុមបូកូហារ៉ាមដែលកំពុងប្រយុទ្ធដើម្បីតាក់តែងច្បាប់អ៊ីស្លាម Sharia នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនីហ្សេរីយ៉ា។ កន្លងមកស្រុក Gombi ត្រូវទទួលរងការវាយប្រហារដោយក្រុមភេរវកម្មម្តងហើយម្តងទៀតដើម្បីទាមទារតំបន់នោះមកវិញបន្ទាប់ពីត្រូវបានរំដោះដោយកងទ័ពនីហ្សេរីយ៉ា។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃពុធកន្លងទៅក្រុមនេះក៏បានធ្វើការវាយប្រហារអត្តឃាតជាច្រើនកន្លែងនៅក្នុងក្រុង Chibok នៃរដ្ឋ Borno ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់និងរបួសជិត ៣០នាក់។