ទាហានរដ្ឋាភិបាល អ៊ីរ៉ាក់ និងជីវពល ស៊ីអ៊ីត បន្តរំដោះទីក្រុង ហ្វាលូចា

0

កងកម្លាំងក្រុមស៊ីអ៊ីត និងទាហានរដ្ឋាភិបាល អ៊ីរ៉ាក់ បានសម្រុកចូលទៅក្នុងទីក្រុង ហ្វាលូចា តាមច្រកភាគខាងត្បូង ក្រោមការគាំទ្រពីយន្តហោះអាមេរិក ដោយដណ្ដើមបានស្ថានីយ៍ប៉ូលិសមួយកន្លែងក្នុងទីក្រុង និងបន្តវាយប្រហារដណើ្ដមយកមូលដ្ឋានសំខាន់របស់ក្រុមរដ្ឋឥស្លាមក្នុងទីក្រុងនេះ ។ មេបញ្ជាការទាហានរដ្ឋាភិបាលនិយាយថា កងកម្លាំងស៊ីអ៊ីត និងទាហានរដ្ឋាភិបាល បានសហការណ៍គ្នាយ៉ាងល្អ ធ្វើឲ្យទីតាំងការពារទាំងអស់របស់សត្រូវត្រូវបានបំផ្លាញ ហើយទាហានទាំងឡាយកំពុងមានកម្លាំងចិត្តខ្ពស់ ។ សមរភូមិទីក្រុង ហ្វាលូចា នឹងផ្ដល់ឲ្យនូវជ័យជម្នះធំបំផុតមួយសម្រាប់សង្គ្រាមប្រឆាំងក្រុមរដ្ឋឥស្លាម ដែលជាមូលដ្ឋាននៅជិតទីក្រុង បាដាត បំផុត ដែលត្រូវបានប្រើប្រាស់ដើម្បីរៀបចំផែនការបំផ្ទុះគ្រាប់បែកអត្តឃាត ទៅលើសង្កាត់របស់ក្រុមស៊ីអ៊ីត និងអគាររដ្ឋាភិបាល ។ រដ្ឋាភិបាល ចាប់ផ្ដើមយុទ្ធនាការរំដោះទីក្រុង ហ្វាលូចា កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន ក្រោយពីឡោមព័ទ្ធអស់រយៈពេល 6 ខែ ។ ហ្វាលូចា ក៏ជាទីក្រុងដែលមានក្រុមស៊ូនីរស់នៅច្រើន ហើយត្រូវបានក្រុមរដ្ឋឥស្លាមដណ្ដើមយកមុនគេកាលពីខែមករាឆ្នាំ 2014 ។ ទាហានអាមេរិកអះអាងថា ជីវពលប្រមាណ 500 ទៅ 700 នាក់ កំពុងស្ថិតនៅក្នុងទីក្រុង ហ្វាលូចា ។

Untitled