ផ្ទុះប៉េងប៉ោងផ្ទុកដោយឧស្ម័នបង្ករឲ្យមានបួសមនុស្ស៣០នាក់ក្នុងទីក្រុង Kuala Terengganu ប្រទេសម៉ាឡេស៊ី

0

ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៦

យោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាប៉េងប៉ោងផ្ទុកដោយឧស្ម័នមួយបាច់ធំបានផ្ទុះនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយក្នុងទីក្រុង Kuala Terengganu របស់ម៉ាឡេស៊ីកាលពីថ្ងៃសុក្រដែលបណ្តាលឱ្យរងរបួសមនុស្សប្រមាណជា៣០នាក់រួមទាំងកុមារផងដែរ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១:៣០នាទីព្រឹកក្នុងពេលហែក្បួនដើរសម្រាប់ព្រឹត្តិការណ៍ជនពិការភ្នែក (Blind Event) ដែលរៀបចំដោយមន្ទីរសុខាភិបាល Terengganu Health Department ខណៈដែលមន្ត្រីមួយរូបបង្ហោះប៉េងប៉ោងដែលភ្ជាប់ជាមួយនឹងកន្ទុយបារីកំពុងតែឆេះ។ ប្រធានប៉ូលិសទីក្រុង Kuala Terengganu លោក Idris Abd Rafar បាននិយាយថាប៉ូលិសទទួលរបាយការណ៍មួយស្តីពីឧប្បត្តិហេតុនេះហើយបានចាប់ផ្តើមធ្វើការស៊ើបអង្កេតភ្លាមៗ។ Bernama ដកស្រង់សម្តីរបស់គាត់និយាយថា”ហេតុការណ៍នេះកើតឡើងក្នុងពេលព្រឹត្តិការណ៍ World Sight Day ដែលរៀបចំដោយមន្ទីរសុខាភិបាល Terengganu Health Department ហើយយើងកំពុងធ្វើការស៊ើបអង្កេត។ មនុស្សជាច្រើនរងរបួសនៅត្រង់ក្បាល មុខ និងដៃ។ ពួកគេត្រូវបានយកទៅកាន់មន្ទីរពេទ្យ Sultanah Nur Zahirah”។ នាង Siti Khatijah Ibrahim វ័យ៥៧ឆ្នាំរស់នៅទីក្រុង Bukit Payong និយាយថាកូនស្រីរបស់នាងឈ្មោះ Nurifikin Kamal រងរបួសដុតយ៉ាងខ្លាំងនៅលើផ្ទៃមុខ និងដៃទាំង២របស់នាងខណៈដែលនាងជួយចែកចាយប៉េងប៉ោងឱ្យកុមារក្នុងព្រឹត្តិការណ៍នោះ។ នាងប្រាប់អ្នកកាសែតនៅឯមន្ទីរពេទ្យថា”កូនស្រីរបស់ខ្ញុំប្រាប់ខ្ញុំថាអណ្តាតភ្លើងបានបុកចំមុខ និងដៃទាំង២របស់នាង។ ជាសំណាងល្អនាងបានបោះបង់ចោលកន្សែងរុំសក់របស់នាងចោល បើមិនអីចឹងទេការរលាកនេះនឹងធ្ងន់ធ្ងរជាងនេះទៀត”។ សាក្សីម្នាក់និយាយថានាងឃើញកុមារជាច្រើនប្រញាប់ប្រញាល់ទទួលយកប៉េងប៉ោង។ នាងនិយាយថា”រំពេចនោះខ្ញុំឮស្នូរផ្ទុះយ៉ាងខ្លាំងមួយ ហើយឃើញក្មេងៗ និងអ្នកកំពុងធ្វើការព្យាយាមពន្លត់ភ្លើងនៅលើក្បាល ដៃ និងរាងកាយរបស់ពួកគេខណៈដែលពួកគេរត់ចេញពីកន្លែងកើតហេតុ។ ស្ថានភាពនេះមានភាពវឹកវរ ហើយមនុស្សជាច្រើននាក់រងរបួស។ ពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

malaysia-23-10-16