មនុស្ស៥នាក់ត្រូវចាប់ខ្លួននៅឥណ្ឌូនេស៊ីក្នុងការប៉ុនប៉ងចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម (IS)

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

ជនជាតិឥណ្ឌូនេស៊ី៥នាក់ត្រូវចាប់ខ្លួននៅព្រលានយន្តហោះ Bali Airport កាលពីថ្ងៃពុធ បន្ទាប់ពីនិរទេសពីប្រទេសទួរគីពាក់ព័ន្ធទៅនឹងការប៉ុនប៉ងចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម (IS) ក្នុងប្រទេសស៊ីរី។ បើយោងតាមរបាយការណ៍សារព័ត៌មាន Tempo បានបញ្ជាក់ថាស្រី្ត២នាក់ និងបុរស៣នាក់ត្រូវចាប់ខ្លួនដោយអាជ្ញាធរទួរគីកាលពីថ្ងៃទី១៦ ខែមករា កន្លងទៅនេះ។ អ្នកនាំពាក្យនៅព្រលានយន្តហោះលោក Hengky Widjaja បានបញ្ជាក់ថាមនុស្សទាំង៥នាក់នេះបានចាកចេញពីប្រទេសឥណ្ឌូនេស៊ីកាលពីខែសីហាឆ្នាំ២០១៦ ដោយធ្វើដំណើរពីទីក្រុង Jakarta ទៅកាន់ប្រទេសទួរគី ដោយឆ្លងកាត់ប្រទេសថៃ។ លោកបានបន្ថែមថា “ពួកគេខ្លាចថាបើធ្វើដំណើរចេញពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ប្រទេសទួរគី ពួកគេពិតជាជាប់សង្ស័យ។ ដូចនេះក្រោមការផ្តល់យោបល់របស់សាមាជិកសាសនាអ៊ីស្លាមម្នាក់បានឱ្យពួកគេធ្វើដំណើរឆ្លងកាត់ប្រទេសថៃសិនចាំបន្តរទៅកាន់ទីក្រុង Istanbul តាមក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសទួរគី។ នៅពេលដែលទៅដល់ប្រទេសទួរគី ពួកគេនឹងជួបជាមួយបុរសម្នាក់ដែលឈ្មោះ AJ ដែលជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសមួយនេះ”។ គួរបញ្ជាក់ផងដែរថាប្រទេសឥណ្ឌូនេស៊ីធ្លាប់ទទួលការវាយប្រហារដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងខែមករា ឆ្នាំ២០១៦ ក្នុងការបាញ់ប្រហារដោយកាំភ្លើង និងការបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុង Jakarta ដែលសម្លាប់មនុស្ស៤នាក់។ ភាពភ័យខ្លាចជាច្រើនកើតឡើងនៅក្នុងប្រទេសដែលមានប្រជាជនមូស្លីមច្រើនបំផុតក្នុងពិភពលោក ហើយប៉ូលិសជឿជាក់ថាជនជាតិឥណ្ឌូនេស៊ីរាប់រយនាក់បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម៕