ស្ត្រីម្នាក់ដែលជាជនសង្ស័យទី២ក្នុងឃាតកម្មសម្លាប់លោក គីម ជុងណាំត្រូវចាប់ខ្លួននៅម៉ាឡេស៊ី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

អគ្គអធិការប៉ូលិសម៉ាឡេស៊ី (IGP) និយាយនៅថ្ងៃព្រហស្បតិ៍នេះថាម៉ាឡេស៊ីចាប់ឃុំខ្លួនស្រ្តីម្នាក់ផ្សេងទៀតដែលសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មសម្លាប់លោកគីម ជុងណាំដែលជាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំប្រទេសកូរ៉េខាងជើងគីម ជុងអ៊ុន។ លោក Khalid Abu Bakar ប្រធានរបស់ IGP បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថាអាជ្ញាធរបានកំណត់អត្តសញ្ញាណរបស់ស្រ្តីម្នាក់តាមរយៈវីដេអូ CCTV ដែលថតបាននៅព្រលានយន្តហោះអន្តរជាតិ។ ស្រ្តីម្នាក់នេះកំពុងអង្គុយម្នាក់ឯង និងកាន់លិខិតឆ្លងដែនរបស់ឥណ្ឌូនេស៊ីបន្ទាប់មកត្រូវបានចាប់ខ្លួនភ្លាមៗតែម្តង។ ប៉ូលិសជាន់ខ្ពស់បានប្រាប់សារព័ត៌មាន ChannelNewsAsia ថាយោងទៅតាមឯកសារសំគាល់ខ្លួនស្រ្តីម្នាក់នេះមានឈ្មោះថា Siti Aishah ដែលមានវ័យ២៥ឆ្នាំ។ មិត្តប្រុសរបស់នាងដែលជាជនជាតិម៉ាឡេស៊ីក៏ត្រូវបានចាប់ខ្លួនផងដែរក្នុងព្រឹកនេះដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោកគីម ជុងណាំ។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃពុធប៉ូលិសចាប់ឃុំខ្លួនស្រ្តីម្នាក់ដែលកាន់ឯកសារធ្វើដំណើរពីប្រទេសវៀតណាម។ ប៉ូលីសកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យជាជនជាតិបរទេសច្រើននាក់ផ្សេងទៀតពាក់ព័ន្ធនឹងអំពើឃាតកម្មមួយនេះ៕