មនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅផ្សារទំនើបក្នុងប្រទេសប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧

កាលពីថ្ងៃព្រហស្បតិ៍នេះមានគ្រាប់បែកមួយផ្ទុះឡើងនៅចំណុចកណ្តាលផ្សារទំនើបមួយកន្លែងដែលស្ថិតនៅក្នុងភាគខាងកើតទីក្រុង Lahore ប្រទេសប៉ាគីស្ថានដែលសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់។ នេះគឺជាការវាយប្រហារចុងក្រោយបំផុតដែលបង្ករអំពើហិង្សា និងភាពរង្គោះរង្គើរក្នុងប្រទេសមួយនេះ។ លោក Malik Mohammad Khan អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា “មានគ្រាប់បែកមួយបានផ្ទុះឡើងលាន់រំពងដែលបណ្តាលឱ្យកញ្ចក់ជាច្រើននៃអាគារជុំវិញនោះបែកខ្ទេច”។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មានការវាយប្រហារជាច្រើនកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថានដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៣០នាក់។ ការវាយប្រហារនៅក្នុងទីសក្ការៈបូជា Sufi ភាគខាងត្បូងនៃខេត្ត Sindh បានសម្លាប់មនុស្ស៩០នាក់ផងដែរ។ ការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Lahore ជាការវាយប្រហារលើកទី២ ដែលនៅក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ មានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៣នាក់ក្នុងការតវ៉ាមួយនៅក្បែរវិមានសភា។ គួរបញ្ជាក់ផងដែរថាមន្រ្តីរដ្ឋាភិបាល និងកងកម្លាំងបានប្តេជ្ញាចិត្តក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធនៅទូទាំងប្រទេស។ ច្រកព្រំដែនប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថានត្រូវបិទផងដែរដើម្បីពង្រឹងផ្នែកសុវត្ថិភាព។ មកទល់ពេលនេះកងកម្លាំងប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធប្រមាណជា១០០នាក់៕