ទីភ្នាក់ងារចារកម្មអាល្លឺម៉ង់ផ្តោតសំខាន់លើទូរស័ព្ទអ្នកកាសែត

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០១៧

ទស្សនាវដ្តីប្រចាំសប្តាហ៍អាល្លឺម៉ង់ Der Spiegel បានរាយការណ៍ឲ្យដឹងថាទីភ្នាក់ងារចារកម្មអាល្លឺម៉ងមានលេខទូរស័ព្ទយ៉ាងហោចណាស់ចំនួន៥០លេខ និងអាសយដ្ឋានអ៊ីមែលជាច្រើនរបស់អ្នកកាសែតដែលក្នុងចំណោមលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែលទាំងនោះជាគោលដៅនៃការឃ្លាំមើលរបស់ទីភ្នាក់ងារចារកម្មអាល្លឺម៉ង់។ Spiegel រាយការណ៍កាលពីថ្ងៃសុក្រថាបញ្ជីលេខទូរស័ព្ទជាច្រើនដែលមាននៅក្នុងទស្សនាវដ្តីគឺជាកម្មសិទ្ធិរបស់អ្នកសារព័ត៌មាន BBC ក្នុងប្រទេសអាហ្វហ្គានីស្ថាន និងទីក្រុងឡុងដ៏។ ទស្សនាវដ្តីនេះបានឲ្យដឹងទៀតថាលេខទូរស័ព្ទរបស់កាសែត New York Times ក្នុងប្រទេសអា​​​​ហ្គានីស្ថាន លេខទូរស័ព្ទដៃ និងលេខទូរស័ព្ទផ្កាយរណបជាច្រើនរបស់ទីភ្នាក់ងាររ៉យទ័រក្នុងប្រទេសអាហ្គានីស្ថាន ប្រទេសប៉ាគីស្ថាន និងប្រទេសនីហ្សេរីយ៉ាក៏មាននៅក្នុងបញ្ជីទស្សនាវដ្ដីនេះផងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់អាល្លឺម៉ង់ដែលហៅកាត់ថា BND បានបដិសេធចំពោះការធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍ដែលចេញផ្សាយដោយទស្សនាវដ្តី Der Spiegel។ ភ្នាក់ងារនេះបានផ្ញើរសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មាន AP ដោយបញ្ជាក់ថាវាគ្រាន់តែជាទំនាក់ទំនងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ និងសមាជិកសភាដែលផ្តោតទៅលើគណៈកម្មាធិការត្រួតពិនិត្យការស៊ើបការណ៍សម្ងាត់របស់សភាជុំវិញទិដ្ឋភាពប្រតិបត្តិការណ៍នៃការងាររបស់ខ្លួនតែប៉ុណ្ណោះ៕