កូរ៉េខាងត្បូងផ្សព្វផ្សាយដំណឹងពីការស្លាប់របស់លោក គីម ជុងណាម តាមរយៈ Speaker ធំៗនៅតាមព្រំដែនកូរ៉េខាងជើង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧

ថ្មីៗនេះប្រទេសកូរ៉េខាងត្បូងបានប្រើប្រាស់ឧបករណ៍បំពងសំឡេង Speakers ខ្នាតយក្សជាច្រើនដើម្បីផ្សព្វផ្សាយដំណឹងពីការស្លាប់របស់លោក គីម ជុងណាម ដែលជាបងប្រុសម្តាយផ្សេងគ្នាជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតាមព្រំដែនប្រទេសកូរ៉េខាងជើង។ លោក គីម ជុងណាម ដែលជាកូនប្រុសច្បងរបស់អតីតមេដឹកនាំលោកគីម ជុងអ៊ុល ស្លាប់នៅថ្ងៃទី១៣ ខែកុម្ភៈបន្ទាប់ពីស្រ្តី​២នាក់ដាក់ថ្នាំបំពុលនៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur ដែលឃាតកម្មនេះត្រូវគេសង្ស័យថាជាផែនការរបស់ទីក្រុងព្យុងយ៉ាង។ ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបំពងសំឡេងបន្លឺឡើងថា “លោក គីម ជុងណាម ស្លាប់បន្ទាប់ពីត្រូវបានស្រ្តី២នាក់វាយប្រហារដោយថ្នាំពុលនៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur ប្រទេសម៉ាឡេស៊ី។ មន្ត្រីម៉ាឡេស៊ីបញ្ជាក់ថាជនសង្ស័យជនជាតិកូរ៉េខាងជើងម្នាក់ត្រូវចាប់ខ្លួន និងជនសង្ស័យជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀតរត់គេចខ្លួនចេញពីប្រទេសម៉ាឡេស៊ី”។ ជាមួយគ្នានេះផងដែរក៏មានការផ្សព្វផ្សាយតាមស្ថានីយ៍ទូរទស្សន៍ផងដែរ។ គួរបញ្ជាក់ផងដែរថាការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបំពងសំឡេងខ្លាំងៗរបស់ប្រទេសកូរ៉េខាងត្បូងនេះ រដ្ឋាភិបាលនៃទីក្រុងព្យុងយ៉ាងមិនពេញចិត្តឡើយ៕