Home សកម្មភាព ពិធីសម្ភោធបើក...

ពិធីសម្ភោធបើកឲ្យដំណើរការនូវឧបករណ៍ស្កែនរាវរកសារធាតុវិទ្យុសកម្មនៅកំពង់ផែស្វយ័តភ្នំពេញ ចំណតផែកុងតឺន័រថ្មី

37
SHARE

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០១៧ មានប្រារព្វពិធីសម្ភោធបើកឲ្យដំណើរការនូវឧបករណ៍ស្កែនរាវរកសារធាតុវិទ្យុសកម្មនៅកំពង់ផែស្វយ័តភ្នំពេញ ចំណតផែកុងតឺន័រថ្មី ខេត្តកណ្តាល ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) ឯកឧត្តម ហឺ បាវី ប្រតិភូរាជដ្ឋាភិបាលទទួល បន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហគមន៍អ៊ឺរ៉ុប ចច អេហ្កា (George Edgar) និង ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វីលៀម ហេដ (Villiam A Heidt) ព្រមទាំងមានការអញ្ជើញពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាច្រើននាក់ទៀត។ ក្នុងឱកាសនោះផងដែរឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា “ឧបករណ៍ស្កែនរាវរកសារធាតុវិទ្យុសកម្ម មានតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ ទប់ស្កាត់មិនឲ្យឧបករណ៍ដែលមានសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរខុសច្បាប់ នាំចេញ-ចូលបាន។ មិនត្រឹមតែជួយស្ថាប័នគយ និងរដ្ឋាកររបស់យើងទប់ស្កាត់ការរត់ពន្ធនូវឧបករណ៍ និងសារធាតុនេះតែប៉ុណ្ណោះទេ តែមន្ត្រីស្ថាប័នគយ និងរដ្ឋាករយើងបានរួមចំណែកយ៉ាងឈានមុខក្នុងការទប់ស្កាត់មិនឲ្យសារធាតុនុយក្លេអ៊ែរខុសច្បាប់នាំចូលបាននោះឡើយ។ នេះជាបេសកកម្មចូលរួមក្នុងការប្រឆាំងភេរវកម្មមួយយ៉ាងប្តូរផ្តាច់ក្រោមការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់កំពង់ផែ ក៏ដូចជាស្ថាប័នអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ រួមទាំងស្ថាប័នជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា”។ ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ឧបករណ៍ស្កែនរាវរកសារធាតុវិទ្យុសកម្មនៅកំពង់ផែស្វយ័តភ្នំពេញ ចំណតផែកុងតឺន័រថ្មី៕