គេហទំព័រ WikiLeaks ទម្លាយឯកសារសម្ងាត់ #Vault៧ ត្រឹមតែ1%ប៉ុណ្ណោះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៧

ឯកសារសម្ងាត់ដែលទម្លាយឱ្យដឹងនៅថ្ងៃអង្គារដោយគេហទំព័រ WikiLeaks មានត្រឹមតែ1%ប៉ុណ្ណោះនៃឯកសារសម្ងាត់ #Vault៧។ #Vault៧ គឺជាការប្រមូលផ្តុំឯកសារសម្ងាត់ជាច្រើនរបស់ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក CIA ពាក់ព័ន្ធនឹងការលួចជ្រៀតចូលក្នុងឧបករណ៍ប្រើប្រាស់ទំនើបៗ និងការលួចស្តាប់ នេះបើយោងតាមការអះអាងនៅលើ Twitter។ “Year Zero” រួមមានទិន្នន័យ និង​ឯកសារសរុបចំនួន៨៧៦១ច្បាប់ដែលទម្លាយដោយគេហទំព័រ WikiLeaks។ អង្គការនេះប្រកាសទៀតថាឯកសារសម្ងាត់ទាំងអស់នេះគ្រាន់តែជាផ្នែកមួយនៃឯកសារសម្ងាត់ជាច្រើនដែលហៅថា #Vault៧។ ទោះជាយ៉ាងណាក៏ដោយព័ត៌មានបន្ថែមទៀតនៅមិនទាន់ដឹងថាតើព័ត៌មានជាច្រើនទៀតនឹងបែកធ្លាយនៅពេលណានោះទេ? ឬតើមានឯកសារសម្ងាត់ប៉ុន្មានទៀតដែលត្រូវទម្លាយក្នុង #Vault៧? ការបែកធ្លាយទាំងនេះបង្ហាញពីគោលដៅសម្ងាត់របស់ CIA ក្នុងការលួចជ្រៀតចូលក្នុងទូរទស្សន៍ឆ្លាតវៃជាច្រើនក្នុងគោលបំណងប្រមូលសំឡេងសន្ទនា បើទោះបីជាឧបករណ៍នេះបិទក៏ដោយ។ ប្រព័ន្ធប្រតិបត្តិការ Google Android OS ប្រើប្រាស់នៅលើទូរស័ព្ទឆ្លាតវៃប្រមាណជា៨៥%នៅលើពិភពលោកក៏រងផលប៉ះពាល់ដោយសារចំនុចខ្សោយជាច្រើនដែលអនុញ្ញាតឱ្យ CIA អាចវាយប្រហារទៅលើឧបករណ៍ទាំងនេះបាន។ ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក CIA មិនទាន់បញ្ជាក់អំពីភាពត្រឹមត្រូវនៃការទម្លាយទិន្នន័យសម្ងាត់នេះនៅឡើយទេ។ លោក Jonathan Liu អ្នកនាំពាក្យរបស់ CIA និយាយទៅកាន់កាសែត The Washington Post ថា “យើងមិនអត្ថាធិប្បាយលើភាពត្រឹមត្រូវឬមាតិកានៃឯកសារទាំងអស់នេះទេ”។ គេហទំព័រ WikiLeaks អះអាងថាឯកសារសម្ងាត់ទាំងនេះយកចេញពីទីភ្នាក់ងារស៊ើបអង្កេត CIA មុនពេល “បាត់បង់” និងត្រូវផ្សព្វផ្សាយដោយ “អតីតក្រុមអ្នកលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័ររដ្ឋាភិបាលអាមេរិក និងក្រុមហ៊ុនធ្វើកិច្ចសន្យា”។ ឯកសារសម្ងាត់ទាំងនោះបញ្ជូនបន្តទៅកាន់គេហទំព័រ WikiLeaks ។ End-to-End Encryption ប្រើប្រាស់ក្នុងកម្មវិធីជាច្រើនដូចជា WhatsApp ត្រូវបានទម្លាយថាមិនអាចទប់ទល់ទៅនឹងបច្ចេកទេសលួចជ្រៀតចូលរបស់ CIA ហៅថា “Zero Days” ដែលមានសមត្ថភាពចូលទៅប្រើប្រាស់ឬអានសារទាំងនោះមុនពេលទិន្នន័យចាប់ផ្តើម Encrypt។ ការបែកធ្លាយនេះបង្ហាញថា CIA មានសមត្ថភាពក្នុងការលាក់ដាន (ស្នាមក្រយៅដៃ) ដែលខ្លួនលួចជ្រៀតចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដោយទម្លាក់កំហុសទៅអ្នកដទៃដែលក្នុងនោះក៏មានប្រទេសរុស្ស៊ីផងដែរ។ ការប្រមូលផ្តុំស្នាមក្រយៅដៃ (Fingerprints) ដែលអាចបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័រត្រូវ CIA ប្រមូល ហើយបន្សល់ទុកឱ្យអ្នកដទៃជាអ្នកទទួលខុសត្រូវវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here