អ្នកវាយប្រហារនៅព្រលានយន្តហោះបារាំងនិយាយថា “ខ្ងុំចង់ស្លាប់ដើម្បីព្រះអាឡស់”

0

ប្រភពព័ត៌មានពី Newser ចេញផ្សាយថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០១៧

ព្រះរាជអាជ្ញាលោក Francois Molins បានធ្វើសន្និសីទកាសែតកាលពីថ្ងៃសៅរ៍នេះថាមានបុរសម្នាក់ដែលបានវាយប្រហារទៅលើទាហានម្នាក់ ហើយបន្ទាប់មកបុរសម្នាក់នេះត្រូវគេសម្លាប់នៅព្រលានយន្តហោះ Orly ក្នុងប្រទេសបារាំងដោយរូបគាត់បានស្រែកថា”ខ្ញុំចង់ស្លាប់ដើម្បីព្រះអាឡស់”។ សារព័ត៌មាន AP រាយការណ៍សម្តីរបស់លោក Molins ថាអ្នកវាយប្រហារបានប្រើកាំភ្លើងខ្លីផ្ជុងក្បាលទាហានស្រីម្នាក់ធ្វើជាខែល និងបានដណ្តើមយកកាំភ្លើងពីយោធាស្រីរូបនេះក្នុងគោលបំណងប្រើប្រាស់វាដើម្បីបាញ់ប្រហារទៅលើហ្វូងមនុស្សនៅក្នុងព្រលានយន្តហោះទីក្រុងប៉ារីស។ លោក Molins បានឲ្យដឹងទៀតថាអ្នកវាយប្រហារកើតនៅបារាំងមានឈោ្មះ Ziyed Ben Belgacem ថែមទាំងមានដបប្រេងសាំងនៅក្នុងដៃហើយគ្រវែងទៅលើដីទៀតផង។ ការិយាល័យព្រះរាជអាជ្ញាទីក្រុងប៉ារីសបានឲ្យដឹងថាជនសង្ស័យ Belgacem មានអាយុ៣៩ឆ្នាំរូបនេះត្រូវអាជ្ញាធរដាក់ការសង្ស័យថាជាក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមរួចមកហើយ។ ព្រះរាជអាជ្ញានិយាយថាផ្ទះរបស់ជនសង្ស័យស្ថិតក្នុងចំណោមផ្ទះដែលគេកត់ត្រាទុកសម្រាប់ធ្វើការស្វែងរកកាលពីខែវិច្ឆិកា ឆ្នាំ២០១៥មកម្លេះ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយកាំភ្លើងដែលសម្លាប់មនុស្ស១៣០នាក់នៅក្នុងទីក្រុងប៉ារីសកន្លងមក។ គួរបញ្ជាក់ថាបន្ទាប់ពីមានការវាយប្រហារនៅព្រលានយន្តហោះកាលពីថ្ងៃសៅរ៍នេះ ឪពុក និងបងប្រុសរបស់ជនសង្ស័យនេះត្រូវប៉ូលិសចាប់ឃុំខ្លួនដើម្បីសួរចម្លើយ។ ប្រធានាធិបតីបារាំងលោក Francois Hollande និយាយថាក្រុមអ្នកស៊ើបអង្កេតនឹងកំណត់ថាតើនរណាជាអ្នកនៅពីក្រោយផែនការធ្វើភេរវកម្មរបស់ជនសង្ស័យ Belgacem៕

LEAVE A REPLY

Please enter your comment!
Please enter your name here