ប្រទេសចិនផ្អាកនាំចូលធ្យូងថ្មពីប្រទេសកូរ៉េខាងជើង និងមិនមានការបំពានឡើយ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០១៧

បន្ទាប់ពីនាវាដឹកធ្យូងថ្មកូរ៉េខាងជើងចូលមកដល់កំពង់ផែរបស់ប្រទេសចិន ក្រសួងការបរទេសនិយាយនៅថ្ងៃសុក្រថាប្រទេសចិនអនុវត្តគោលនយោបាយរបស់ខ្លួនក្នុងការផ្អាកការនាំចូលធ្យូងថ្មពីប្រទេសកូរ៉េខាងជើង ហើយវាមិនមានការបំពានណាមួយកើតឡើងនោះទេ។ បន្ទាប់ពីការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងជាច្រើនលើកច្រើនសារបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ។ កាលពីខែកុម្ភៈប្រទេសចិនផ្អាកការនាំចូលធ្យូងថ្មទាំងអស់ពីប្រទេសកូរ៉េខាងជើងដែលជាការនាំចេញសំខាន់បំផុតសម្រាប់ប្រទេសមួយនេះ។ សារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃទី១១ ខែមេសាថានាវាដឹកទំនិញពេញៗជាច្រើនគ្រឿងរបស់កូរ៉េខាងជើងធ្វើដំណើរត្រឡប់ទៅប្រទេសវិញបន្ទាប់ពីនាយកដ្ឋានគយរបស់ប្រទេសចិនប្រាប់ទៅកាន់ក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់នោះអំពីការផ្អាកទិញធ្យូងថ្ម។ ប៉ុន្តែនៅថ្ងៃសុក្រនេះគេហទំព័រ NKNews.org រាយការណ៍ថានាវាដឹកទំនិញជាច្រើនគ្រឿងរបស់កូរ៉េខាងជើងធ្វើដំណើរចូលមកកំពង់ផែ Tangshan ភាគខាងជើងនៃប្រទេសចិន។ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថាចិនពិតជាផ្អាកការនាំចូលធ្យូងថ្មពីប្រទសកូរ៉េខាងជើងពិតប្រាកដមែន ហើយវាក៏ស្ថិតនៅក្នុងបន្ទាត់នៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែរ។ សម្រាប់ទិន្នន័យរបស់គយនៅក្នុងខែមីនាឆ្នាំនេះបង្ហាញថាប្រទេសចិនមិនបាននាំចូលធ្យូងថ្មពីប្រទេសកូរ៉េខាងជើងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here