លោក ដូណាល់ ត្រាំ៖ “អង្គការសហប្រជាជាតិគួរពិចារណាទៅលើការដាក់ទណ្ឌកម្មកាន់តែខ្លាំងទៅលើប្រទេសកូរ៉េខាងជើង”

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៧

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយនៅថ្ងៃចន្ទថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិត្រូវតែត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មកាន់តែខ្លាំងទៅលើប្រទេសកូរ៉េខាងជើងដោយសារតែការបាញ់សាកល្បងមីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ហើយលោកហៅស្ថានភាពនេះថា “មិនអាចទទួលយកបាន”។ ការថ្លែងបែបនេះគឺជាការអនុវត្តភាពតានតឹងសារជាថ្មីបន្ទាប់ពីប្រទេសកូរ៉េខាងជើងនៅតែជម្រុញកម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ខ្លួន។ កូរ៉េខាងជើងកំពុងតែរៀបចំធ្វើតេស្តអាវុធនុយក្លេអ៊ែរទី៦ ហើយថ្មីនេះកូរ៉េខាងជើងក៏ឃុំខ្លួនជនជាតិអាមេរិកម្នាក់ផងដែរ។ នៅក្នុងកិច្ចប្រជុំឯកអគ្គរដ្ឋទូតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសេតវិមានលោកត្រាំ និយាយថា “នេះគឺជាការគំរាមកំហែងពិតប្រាកដដល់ពិភពលោក។ កូរ៉េខាងជើងគឺជាបញ្ហាដ៏ធំមួយសម្រាប់ពិភពលោក ហើយវាគឺជាបញ្ហាមួយដែលយើងត្រូវតែដោះស្រាយ។ ក្រុមប្រឹក្សានេះត្រូវរៀបចំឲ្យរួចរាល់ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត និងកាន់តែខ្លាំងលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង”។ គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមនាវាដឹកយន្តហោះធ្វើដំណើរទៅភាគខាងលិចតំបន់ប៉ាស៊ីហ្វិកនៅជិតប្រទេសកូរ៉េខាងជើង។ នាវានេះនឹងទៅដល់នៅចុងខែមេសានេះ។ មន្ទីរបញ្ចកោណនិយាយថាការដឹកនាំរបស់ខ្លួន និងមន្ត្រីកំពូលជាច្រើនរូបនឹងធ្វើសន្និសីទអំពីស្ថានភាពរបស់កូរ៉េខាងជើងទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិកនៅថ្ងៃពុធនៅសេតវិមាន។ ទន្ទឹមនឹងនេះផងដែរអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ក៏កំពុងធ្វើដំណើរត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញផងដែរបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី និងប្រទេសអូស្រ្តាលី៕

LEAVE A REPLY

Please enter your comment!
Please enter your name here