កងទ័ពថៃតាមប្រម៉ាញ់ជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងរថយន្តបំផ្ទុះគ្រាប់បែកនៅផ្សារទំនើប

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៧

កងកម្លាំងយោធាថៃបញ្ជាក់នៅថ្ងៃពុធនេះថាខ្លួនកំពុងតាមប្រម៉ាញ់ជនសង្ស័យ៤នាក់ពាក់ព័ន្ធទៅនឹងការបំផ្ទុះគ្រាប់បែកដ៏ធំមួយដែលបណ្តាលឲ្យរងរបួសមនុស្សប្រមាណជា៦០នាក់នៅក្រៅផ្សារទំនើបមួយនៅភាគខាងត្បូង។ តំបន់មានជនជាតិម៉ូស្លីមច្រើនរស់នៅនេះកើតឡើងអំពើហិង្សាប្រមាណជា១ទសវត្សរ៍មកហើយដែលមួយក្រុមជាជនជាតិភាគតិចម៉ាឡេស៊ីប្រឆាំងនឹងក្រុមកាន់ព្រះពុទ្ធសាសនា។ កាលពីថ្ងៃអង្គារគ្រាប់បែក​២គ្រាប់ផ្ទុះនៅខាងក្រៅផ្សារទំនើបដ៏មមាញឹកមួយនៅក្នុងទីក្រុងប៉ាតានីដែលគេចាត់ទុកថាជាការបំផ្ទុះគ្រាប់បែកធំបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយទៅលើជនស៊ីវិលនៅភាគខាងត្បូង។ វរសេនីយ៍ឯក Pramote Prom-in អ្នកនាំពាក្យរបស់កងទ័ពនិយាយថាការស៊ើបអង្កេតផ្តោតទៅលើមនុស្ស២នាក់ដែលជិះម៉ូតូមួយគ្រឿងទម្លាក់ឧបករណ៍មួយ និងមនុស្ស២នាក់ផ្សេងទៀតដែលទុកគ្រាប់បែកបំផ្ទុះក្នុងរថយន្តនៅខាងក្រៅផ្សារទំនើប។ លោកបន្ថែមថា “សូមទុកពេលអោយយើងមួយរយៈ យើងនឹងចាប់ខ្លួនពួកគេបានក្នុងពេលឆាប់ៗនេះ។ ជនល្មើសមានគោលបំណងក្នុងការសម្លាប់ទ្រង់ទ្រាយធំ និងការបំផ្លាញសេដ្ឋកិច្ច”។ មន្ត្រីអាជ្ញាធរនិយាយថា ជនរងគ្រោះប្រមាណជា៦០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកនេះដែលអ្នកខ្លះមានរបួសធ្ងន់ធ្ងរ និង២០នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថាពួកសកម្មប្រយុទ្ធម៉ាឡេស៊ីប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងយោធាថៃនៅភាគខាងត្បូងចាប់តាំងពីឆ្នាំ២០០៤។ ក្នុងជម្លោះនេះមានមនុស្សស្លាប់ប្រមាណជា៦,៨០០នាក់ហើយដែលភាគច្រើនពួកគេជាជនស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here