កូរ៉េខាងជើងនិយាយថាការសាកល្បងបាញ់មីស៊ីលទទួលបានជោគជ័យ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

ទីភ្នាក់ងារ KCNA​ រាយការណ៍នៅថ្ងៃអង្គារ៍នេះថាកូរ៉េខាងជើងបញ្ជាក់អំពីការសាកល្បងបាញ់គ្រាប់មីស៊ីលផ្លោងរបស់ខ្លួនប្រកបដោយភាព “ជោគជ័យ”។ ការបាញ់សាកល្បងនេះធ្វើឡើងបន្ទាប់ពីការបាញ់គ្រាប់ផ្លោងចូលទៅក្នុងដែនទឹកកៀកនឹងប្រទេសជប៉ុន។ មេដឹកនាំ Kim Jong-Un របស់កូរ៉េខាងជើងដឹកនាំដោយផ្ទាល់ចំពោះការបាញ់គ្រាប់រ៉ូកែតប្រភេទថ្មីនេះ។ គិតមកទល់ពេលនេះ កូរ៉េខាងជើងបាញ់គ្រាប់ផ្លោងមីស៊ីលរបស់ខ្លួនចំនួន៣ដងហើយក្នុងរយៈពេលមិនដល់៣អាទិត្យផង ហើយការអនុវត្តន៍របស់កូរ៉េខាងជើងនេះមានការជំទាស់រួមជាមួយនឹងការព្រមានដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ និងការគំរាមកំហែងពីសហរដ្ឋអាមេរិកថាសកម្មភាពយោធាអាចនឹងកើតឡើងបាន។ សេចក្តីរាយការណ៍បានឲ្យដឹងថា “គ្រាប់រ៉ូកែតផ្លោងនេះបាញ់ឆ្ពោះទៅលើមេឃភាគខាងកើត ហើយវាផ្ទុះបុកចំចំណុចគោលដៅដែលបានគ្រោងទុក”។ កងកម្លាំងយោធាកូរ៉េខាងត្បូងនិយាយថាគ្រាប់មីស៊ីលនេះឈ្មោះថា Scud-type បាញ់ឆ្ពោះទៅខាងកើតចំងាយ៤៥០គីឡូម៉ែត្រ។ ប្រទេសជប៉ុននិយាយថាគ្រាប់មីស៊ីលនេះពិតជាធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនដែលមានចំងាយ២០០ម៉ាយ៍ពីឆ្នេរសមុទ្រនេះ។ ការបាញ់សាកល្បងគ្រាប់មីស៊ីលនេះត្រូវការថ្កោលទោសពីលោកប្រធានាធិបតីអាមេរិក Donald Trump។ លោកនិយាយថាទង្វើរនេះបង្ហាញអំពី “ការមិនគោរព” ប្រទេសជិតខាង (ប្រទេសចិន) ដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង ហើយលោកនឹងស្វែងរកមធ្យោបាយក្នុងការកាត់បន្ថយភាពតានតឹងទៅលើកម្មវិធីអាវុធប្រភេទមីស៊ីលរបស់កូរ៉េខាងជើង។ សហរដ្ឋអាមេរិកក៏បញ្ជាក់ផងដែរថាខ្លួនមានឆន្ទះក្នុងការចូលទៅចរចារប្រសិនបើប្រទេសកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងគ្រាប់មីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិហាក់ដូចជាមានឥទ្ធិពលតិចតួចក្នុងការបញ្ឈប់កូរ៉េខាងជើងដែលមានមហិច្ឆិតាអភិវឌ្ឍន៍គ្រាប់មីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចនាំយកក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ទ្វីបអាមេរិកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here