Home ព័ត៌មានអន្តរជាតិ ចាប់ខ្លួនពួកស...

ចាប់ខ្លួនពួកសកម្មប្រយុទ្ធ IS ៨នាក់រួមទាំងមេដឹកនាំជាន់ខ្ពស់២នាក់នៅរាជធានីម៉ូស៊ូល

4
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៨

ប្រភពផ្លូវការមួយបាននិយាយថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៨នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនេះនៅក្នុងប្រតិបត្តិការយោធាមួយក្នុងរដ្ឋធានីម៉ូស៊ូលខណៈកងកម្លាំងអ៊ីរ៉ាក់បន្តស្វែងរកពួកឧទ្ទាមអ៊ីស្លាមនៅទូទាំងប្រទេសបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងខែធ្នូកន្លងមក។ ថ្លែងទៅកាន់ភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ (DPA) លោកវរសេនីយ៍ឯក Hassan Emad បាននិយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវបានចាប់ខ្លួននៅក្នុងស្រុក al-Ba’aj ចម្ងាយ៧០គីឡូម៉ែត្រខាងជើងរដ្ឋធានីម៉ូស៊ូលបន្ទាប់ពីទទួលបានរបាយការណ៍ស៊ើបការណ៍សម្ងាត់ដែលគួរឲ្យទុកចិត្តពីទីតាំងរបស់ពួកសកម្មប្រយុទ្ធ។ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនមានមេដឹកនាំជាន់ខ្ពស់២នាក់របស់ពួក IS ដែលកាន់តំណែងកំពូលៗដែលម្នាក់មានមុខងារជាអ្នកគ្រប់គ្រងលុយ និងម្នាក់ទៀតមកពីក្រសួងការពារជាតិរដ្ឋអ៊ីស្លាម។ អ្នកដែលបានចាប់ខ្លួនទាំងអស់នៅក្នុងប្រតិបត្តិការយោធានេះត្រូវគេយកទៅឃុំឃាំងដើម្បីសួរចម្លើយ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសកាលពីខែកក្កដាកន្លងមកថាបានការរំដោះទីក្រុងធំទី២ក្នុងរដ្ឋធានីម៉ូស៊ូលរបស់អ៊ីរ៉ាក់ពីពួកសកម្មប្រយុទ្ធ IS ដែលបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេកាលពីឆ្នាំ២០១៤កន្លងមក។ ពួកសកម្មប្រយុទ្ធប្រមាណជា២៥,000នាក់ស្លាប់នៅក្នុងយុទ្ធនាការនេះដែលចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០១៦។ អ៊ីរ៉ាក់ប្រកាសជ័យជម្នះរបស់ខ្លួនលើរដ្ឋអ៊ីស្លាមកាលពីខែធ្នូកន្លងមកដោយមានជំនួយពីសម្ព័ន្ធមិត្តក្រោមការដឹកនាំរបស់អាមេរិកដោយបានកាន់កាប់លើទឹកដីទាំងអស់ឡើងវិញដែលក្រុមជ្រុលនិយមបានកាន់កាប់នៅក្នុងឆ្នាំ២០១៤ និង២០១៥។ ក្រុមតូចៗដែលគេជឿថានៅតែមានទំនាក់ទំនងជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមនៅតែមានសកម្មនៅក្នុងផ្នែកខ្លះនៃប្រទេសអ៊ីរ៉ាក់ដោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក្រុមបះបោររដ្ឋអ៊ីស្លាមបានធ្វើការវាយប្រហារជាច្រើនលើកផ្ដោតសំខាន់លើកងកម្លាំងសន្តិសុខនៅរដ្ឋធានីម៉ូស៊ូល៕