បុគ្គលិកសន្តិសុខម្នាក់ស្លាប់ ២នាក់ផ្សេងទៀតរងរបួសដោយការវាយប្រហារពីពួករដ្ឋអ៊ីស្លាមនៅភាគពាយព្យខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៨

ប្រភពសន្តិសុខពីខេត្តបាននិយាយកាលពីថ្ងៃចន្ទនេះថាបុគ្គលិកសន្តិសុខម្នាក់ស្លាប់ខណៈ២នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយឆ្មក់ដែលធ្វើឡើងដោយសមាជិករដ្ឋអ៊ីស្លាមនៅភាគពាយព្យខេត្ត Kirkuk។ តាមប្រភពដែលថ្លែងទៅកាន់សារព័ត៌មាន Alghad Press បាននិយាយថាសមាជិក IS បានវាយឆ្មក់ដើម្បីរារាំងកងកម្លាំងកុលសម្ព័ន្ធនៅជិតច្រកត្រួតពិនិត្យក្នុងទីក្រុង al-Dibis ភាគពាយព្យខេត្ត Kirkuk។ ការប៉ះទង្គិចគ្នារវាងក្រុមទាហានជាមួយពួកសកម្មប្រយុទ្ធបានបណ្តាលឲ្យបុគ្គលិកសន្តិសុខម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ ប្រភពបាននិយាយថាការប្រយុទ្ធគ្នាកំពុងបន្ត។ គួររំលឹកថាកាលពីថ្ងៃព្រហស្បតិ៍មុនមានមនុស្ស៥នាក់ស្លាប់ និងរងរបួសនៅពេលដែលសមាជិក IS បានវាយឆ្មក់នៅជិតភូមិ al-Heleiwat ក្នុងទីក្រុង al-Zab ភាគខាងលិចខេត្ត Kirkuk។ ចំណែកឯកាលពីថ្ងៃអាទិត្យមុនក៏មានជនស៊ីវិល៥នាក់រួមទាំងស្ត្រីម្នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធដែលគេជឿថាធ្វើឡើងដោយសមាជិក IS ប្រឆាំងនឹងភូមិមួយស្ថិតនៅក្នុងទីក្រុង al-Riyad ស្រុក Hawija។ យោងតាមរបាយការណ៍ប្រចាំខែចេញផ្សាយដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ (UNAMI) បានឲ្យដឹងថាជនស៊ីវិលអ៊ីរ៉ាក់សរុប៩១នាក់ស្លាប់ និង២០៨នាក់ទៀតរងរបួសក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធកាលពីខែកុម្ភៈកន្លងទៅនេះ។ បាដាដជាខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយមានជនស៊ីវិល១៩៥នាក់ស្លាប់ និងរបួស (៤៩នាក់ស្លាប់ ១៤៦នាក់រងរបួស)។ ខេត្តអាន់បាស្ថិតនៅចំណាត់ថ្នាក់ទី២ដោយមានមនុស្ស១៤នាក់ស្លាប់ និង៣៧នាក់របួស ចំណែកឯខេត្តឌីយ៉ាឡាមានមនុស្ស១២នាក់ស្លាប់ និង១១នាក់រងរបួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here