ក្រុមប៉ូលិសនិយាយថា មនុស្ស ៧ នាក់ស្លាប់នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី11 ខែឧសភា ឆ្នាំ2018

យោងតាមរបាយការណ៍មួយ ប៉ូលិសបញ្ជាក់ថា គេរកឃើញមនុស្ស ៧នាក់ស្លាប់នៅក្នុងតំបន់ជនបទ នៅភាគខាងលិចប្រទេសអូស្ត្រាលី (WA) ។ សាកសពកូនក្មេង ៤នាក់ និងមនុស្សពេញវ័យ ៣នាក់ត្រូវគេរកឃើញនៅទីក្រុងអូមីងតុនចម្ងាយ ២៨០គីឡូម៉ែត្រ ខាងត្បូងក្រុងភើស កាលពីថ្ងៃសុក្រនេះ ហើយគេក៏រកឃើញអាវុធ ២ដើមនៅកន្លែងកើតហេតុផងដែរ។

លោក Chris Dawson ស្នងការនគរបាល នៅភាគខាងលិចប្រទេសអូស្ត្រាលី (WA) និយាយថា “សាកសពមនុស្សពេញវ័យ ២នាក់ស្ថិតនៅខាងក្រៅ និងសាកសព ៥នាក់ផ្សេងទៀតស្ថិតនៅក្នុងអគារមួយនៅតំបន់ជនបទមួយ” ។ លោកនិយាយថា ករណីនេះ គ្មានការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនោះទេ។

លោក Chris Dawson និយាយថា “ខ្ញុំមិនទាន់មានលទ្ធភាពបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀត អំពីអត្តសញ្ញាណរបស់អ្នកស្លាប់នៅពេលនេះនោះទេ។ ការបាត់បង់ជីវិតគឺជារឿងគួរឱ្យសោកស្តាយ ប៉ុន្តែក្មេង ៤នាក់ និងមនុស្សពេញវ័យ ៣នាក់នេះគឺជាសោកនាដកម្មដ៏ធំមួយ។”

លោកនិយាយបន្តទៀតថា ប៉ូលិសនឹងចាប់ផ្តើមការស៊ើបអង្កេតទ្រង់ទ្រាយធំ និងទាក់ទងសាច់ញាតិរបស់ជនរងគ្រោះផងដែរ។ លោក Chris Dawson ក៏និយាយទៀតថា អាជ្ញាធរត្រូវត្រូវបានហៅទៅកាន់កន្លែងកើតហេតុ នៅវេលាម៉ោង ៥និង ១៥នាទី បន្ទាប់ពីទទួលការហៅទូរស័ព្ទពី “បុរសម្នាក់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here