ប្រទេសអ៊ីរ៉ង់អំពាវនាវឲ្យពិភពលោកតតាំងជាមួយលោក ត្រាំ ដើម្បីរក្សាកិច្ចសន្យានុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ០៤ ខែ មិថុនា​ ឆ្នាំ២០១៨

ពិភពលោកគួរតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយាតតាំងចំពោះការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់។ ប្រធានា​ធិ​បតី​​​អាមេរិកលោក ដូណាល់ ត្រាំ ដកខ្លួនពីកិច្ចព្រមព្រៀងឆ្នាំ២០១៥កាលពីខែមុន។ កិច្ចព្រមព្រៀងនោះធ្វើឡើងរវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកក្នុងការដកការដាក់ទណ្ឌកម្មពីក្រុងតេរ៉ង់ក្នុងការដោះដូរចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ហត្ថលេខីដែលនៅសល់ក្នុងកិច្ចព្រមព្រៀងនេះមានប្រទេសបារាំង អាឡឺម៉ង់ អង់គ្លេស រុស្ស៊ី និងចិន។ ពួកគេនៅតែចាត់ទុកកិច្ចព្រមព្រៀងអន្តរជាតិថាជាឱកាសដ៏ល្អបំផុតក្នុងការបញ្ឈប់អ៊ីរ៉ង់មិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយពួកគេកំពុងព្យាយាមសង្គ្រោះកិច្ចព្រមព្រៀងនេះ។ ក្នុងលិខិតមួយពី​​រដ្ឋ​​មន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានស្នើឱ្យភាគីហត្ថលេខីដែលនៅសល់ និងដៃគូពាណិជ្ជកម្មដទៃទៀតស្រោចស្រង់កិច្ចព្រមព្រៀងរបស់ប្រទេសអ៊ីរ៉ង់វិញដែលការខូចកិច្ចព្រមព្រៀងបណ្តាលមកពីការចាកចេញរបស់សហរដ្ឋអាមេរិក។ លោក Zarif មានប្រសាសន៍ថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរគឺជាលទ្ធផលនៃកិច្ចចរចាពហុភាគី​ប្រកបដោយ​ប្រសិទ្ធភាព​ និងមានតុល្យភាព ហើយមិនអាចត្រូវសើរើឡើងវិញដូចដែលសហរដ្ឋអាមេរិកទាមទារនោះទេ។ លោកបន្តថាការដកខ្លួនដោយខុសច្បាប់របស់សហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀងនេះជាវិធីសាស្រ្តនៃការគំរាមកំហែងឲ្យរដ្ឋាភិបាលផ្សេងទៀតបោះបង់ការសម្រេចចិត្តតាម ហើយវាបណ្តាលឱ្យខូចនីតិរដ្ឋលើឆាកអន្តរជាតិ។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កំណត់លក្ខខណ្ឌជាបន្តបន្ទាប់ស្តីពីមហាអំណាចអឺរ៉ុប ប្រសិនបើពួកគេចង់ឱ្យរដ្ឋាភិបាលក្រុងតេរ៉ង់នៅតែស្ថិតក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​រួមទាំងចាត់វិធានការដើម្បីការពារពាណិជ្ជកម្មជាមួយក្រុងតេរ៉ង់ និងធានាការលក់ប្រេងអ៊ីរ៉ង់។ ភាគីនៅសេសសល់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរព្រមានដល់សហរដ្ឋអាមេរិកថាការសំរេចចិត្តរបស់អាមេរិកពីកិច្ចព្រមព្រៀងនេះធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការកំណត់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ លោក ត្រាំ បោះចោលកិច្ចព្រមព្រៀងនៅថ្ងៃទី០៨ ខែឧសភាដោយអះអាងថាលោកចង់បានកិច្ចព្រមព្រៀងធំជាងនេះដែលមិនត្រឹមតែកំណត់ពីកិច្ចការនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ តែត្រូវបន្ថែមការកាត់បន្ថយកិច្ចគាំទ្ររបស់ប្រទេសអ៊ីរ៉ង់ចំពោះបញ្ហាក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ យេម៉ែន និងលីបង់ នឹងត្រូវទប់ស្កាត់កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here