បទឈប់បាញ់របស់អាហ្វហ្គានីស្ថានត្រូវបញ្ចប់ បន្ទាប់ក្រុមតាលីប៉ង់ដណ្តើមបានមូលដ្ឋានយោធា

0

ប្រភពព័ត៌មានពី Alaraby ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨

អភិបាលខេត្តនិយាយថា ក្រុមតាលីប៉ង់ដណ្តើមយកមូលដ្ឋានទ័ពមួយនៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធដោយសម្លាប់ទាហាន៣០នាក់ ក្នុងសមរភូមិ។ មូលដ្ឋានទ័ពនៅខេត្ត Badghis រងការវាយប្រហារពីពួកសកម្មប្រយុទ្ធតាលីប៉ង់ជាច្រើននាក់ដណ្តើមយកមូលដ្ឋានទ័ព ក្រោយពីមានការប្រយុទ្ធជាច្រើនម៉ោងក៏មានបទឈប់បាញ់គ្នាសម្រាប់ថ្ងៃបុណ្យជាតិ Eid ។

លោកអភិបាលខេត្ត Abdul Qafoor Malikzai និយាយថា ទីតាំងសន្តិសុខ២កន្លែងរងការ​វាយប្រហារក្នុងខេត្ត Badghis នៅព្រឹកព្រលឹមថ្ងៃពុធ ហើយលោកប្រធានក្រុមប្រឹក្សាខេត្ត Abdul Aziz Bek បន្ថែមថា មូល​ដ្ឋានទ័ពក៏ជា​គោល​ដៅវាយប្រហារដែរ។ លោក Bek ប្រាប់ទីភ្នាក់ងារ Reutersថា ក្រុមតាលីប៉ង់ជាច្រើនក្រុមមកពីទិស​ដៅ​ផ្សេងៗគ្នា។ ក្រោយពី​មានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនម៉ោង កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានចំនួន៣០នាក់ស្លាប់ ហើយក្រុមតាលីប៉ង់ ដណ្តើមបានមូលដ្ឋានទ័ព។

លោក Malikzai និយាយថា ក្រុមជំនួយដែលបញ្ជូនទៅជួយអ្នកការពារក៏រងការវាយប្រហារគោលដៅលើមូលដ្ឋានរបស់ពួកគេ។ លោកបន្ថែមថា អ្នកស្លាប់ច្រើនជាង​ពាក់កណ្តាលដោយការបំផ្ទុះគ្រាប់បែកតាមដងផ្លូវ នឹងក្បួនរថយន្ត។ លោកNaqibullah Amin អ្នកនាំពាក្យប៉ូលិសខេត្តនិយាយថា ទាហានទាំង៣០នាក់ ស្លាប់ក្នុងការវាយប្រហារ ហើយសមាជិក០៤នាក់ទៀតរបស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានស្លាប់ក្នុងការវាយប្រហារផ្សេងទៀត។

ក្រោយពេលកើតហេតុ ក្រុមតាលីប៉ង់ ប្រកាសនៅពីក្រោយការវាយប្រហារនេះ។ លោក Abdul Aziz Bek ​រាយការណ៍ថា ក្រុមតាលីប៉ង់បញ្ជូនអ្នកយកព័ត៌មានដើម្បីប្រមូលព័ត៌មានអំពីមូលដ្ឋាន និងរៀបចំផែនការវាយប្រហារ។

ក្រុងកាប៊ុល និងក្រុមតាលីប៉ង់យល់ព្រមឱ្យមានបទឈប់បាញ់រយៈពេលមួយសប្ដាហ៍ ដើម្បីអបអរពិធីបុណ្យរ៉ាម៉ាដាន និងថ្ងៃបុណ្យជាតិ Eid ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថានសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយជាមួយក្រុមតាលីប៉ង់ ដោយអនុញ្ញាតឱ្យក្រុមនោះប្រមូលផ្តុំធនធានធ្វើការប្រយុទ្ធជាមួយ​ក្រុម​សកម្មប្រយុទ្ធខ្លាំងៗដូចជាក្រុមរដ្ឋអ៊ីស្លាម ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here