ក្រុមឧទ្ទាម ISIS ចំនួន ៦០០ នាក់ស្លាប់ដោយការវាយប្រហារគ្រាប់មីស៊ីលរបស់នាវាចម្បាំងប្រទេសរុស្ស៊ីចេញពីសមុទ្រមេឌីទែរ៉ាណេ និងកាសព្យែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ 

រដ្ឋមន្រ្តីការពារជាតិប្រទេសរុស្ស៊ីលោក Sergei Shoigu បាននិយាយយោធាប្រទេសរុស្ស៊ីបានចាប់ផ្តើមវាយប្រហារដោយកាំជ្រួចមីស៊ីលទៅកាន់ទីតាំងរបស់ក្រុមឧទ្ទាមរដ្ឋអ៊ិស្លាមនៅក្នុងប្រទេសស៊ីរី ចេញពីសមុទ្រមេឌីទែរ៉ាណេនិងសមុទ្រកាសព្យែន ដែលបានសម្លាប់ក្រុមភេរវករជាង ៦០០ នាក់នៅក្នុងខេត្ត Deir Ex-Zor។ លោកបានរាយការណ៍ទៅកាន់លោកប្រធានាធិបតី Vladimir Putin ថា នៅថ្ងៃទី ២០ ខែវិច្ឆិកា នាវាចម្បាំងនៃកងនាវាសមុទ្រកាសព្យែនបានចាប់ផ្តើមបាញ់កាំជ្រួចមីស៊ីលចំនួន ១៨ គ្រាប់ទៅកាន់គោលដៅទាំង ៧ នៅក្នុងខេត្ត Raqqa, Idlib និង Aleppo។ គោលដៅទាំងអស់ត្រូវបានវាយប្រហារដោយជោគជ័យ។ គួរបញ្ជាក់ផងដែរថា មាននាវាចម្បាំងចំនួន ១០ បានចូលរួមក្នុងប្រតិបត្ដិការនេះ ដែលនាវាចម្បាំង ៦ នៅលើសមុទ្រមេឌីទែរ៉ាណេ។ លោក Shoigu បាននិយាយថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, អតីតជាក្រុម ISIS/ISIL) បានខាតបង់យ៉ាងធ្ងន់ធ្ងរដែលជាលទ្ធផលនៃការវាយលុករបស់ប្រទេសរុស្ស៊ី។លោកបានបន្ថែមថាទិន្នន័យបានបង្ហាញថាលំហូរចូលនៃក្រុមភេរវករមកកាន់ប្រទេសស៊ីរីបានធ្លាក់ចុះ ខណៈដែលពួកសកម្មប្រយុទ្ធមួយចំនួនធំរត់ភៀសខ្លួនពីតំបន់សង្រ្គាមទៅកាន់ភាគខាងជើងនិងខាងលិច។ លោករដ្ឋមន្រ្តីបានអោយដឹងថា រយៈពេល ៤ ថ្ងៃមុន កងទ័ពអាកាសប្រទេសរុស្ស៊ីបានធ្វើការហោះហើរចំនួន ៥២២ ជើង​ ដែលដាក់ចេញកាំជ្រួចមីស៊ីលជាង ១០០ គ្រាប់ និងគ្រាប់បែកច្រើនប្រភេទចំនួន ១.៤០០ តោន។ លោកបានបន្ថែមថាការវាយប្រហារនៅលើគោលដៅមួយក្នុងខេត្ត Deir EZ-Zor ដោយប្រើប្រាស់កាំជ្រួចមីស៊ីលនោះបានសម្លាប់ពួកសកម្មប្រយុទ្ធជាង ៦០០ នាក់។ លោក Shoigu សង្កត់ធ្ងន់ថា ចំនួនយន្តហោះចម្បាំងដែលបំរើក្នុងប្រតិបត្ដិការនេះត្រូវបានកើនឡើងទ្វេដង ហើយឥឡូវនេះមានយន្តហោះចម្បាំងចំនួន ៦៩ គ្រឿងដែលហោះហើរ ១៤៣ ជើងជារៀងរាល់ថ្ងៃ។ លោករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ប្រទេសរុស្ស៊ីផ្តោតសំខាន់ទៅលើការបំផ្លាញមូលដ្ឋានសេដ្ឋកិច្ចរបស់ភេរវករ ដែលបានកំណត់គោលដៅឃ្លាំងផ្ទុកប្រេងចំនួន ១៥ និងរោងចក្រចម្រាញ់ប្រេងក៏ដូចជារថយន្តដឹកប្រេងចំនួន ៥២៥ គ្រឿងផងដែរ។ លោក Shoigu បាននិយាយថា យើងបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងចំនួន ៦០,០០០ តោនក្នុងមួយថ្ងៃដល់ទីផ្សារងងឹត ហើយភេរវករត្រូវបាត់បង់ចំណូលចំនួន ១.៥ លានជារៀងរាល់ថ្ងៃ។ ប្រទេសរុស្ស៊ីក៏បានបំផ្លាញជំរំហ្វឹកហាត់ក្រុមជីហាដចំនួន ២៣ កន្លែង និងរោងចក្រផលិតគ្រឿងផ្ទុះចំនួន ១៩ កន្លែងឃ្លាំងរំសេវចំនួន ៤៧ កន្លែងព្រមទាំងគោលដៅផ្សេងទៀតជាច្រើន។

Russia Misile