កុមារចំនួន ១៨នាក់រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅជិតសាលារៀនក្នុងរដ្ឋធានីអាហ្វហ្គាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែ​ ធ្នូ ឆ្នាំ ២០១៥

មានកុមារចំនួន ១៨នាក់រងរបួសនិងមនុស្សម្នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយគ្រឿងនៅលើផ្លូវក្បែរសាលារៀនសាសនាមួយកន្លែងក្នុងក្រុងកាប៊ុល។ ពួកតាលីបង់បានអះអាងទទួលខុសត្រូវនៅក្នុងការវាយប្រហារនេះ។ មនុស្សសរុបចំនួន ៣៣នាក់បានរងរបួសនៅក្នុងការផ្ទុះនេះ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ពួកតាលីបង់ការវាយប្រហារនេះគឺកំណត់គោលដៅលើក្បួនរថយន្តយោធាបរទេសជាពិសេសរថយន្តទេសចរណ៍ដឹកជនជាតិអាមេរិកនិងអឺរ៉ុបដែលមកពីមូលដ្ឋានយោធានៅក្បែរនោះទៅកាន់ព្រលានយន្តហោះ។ បើទោះបីជាពួកតាលីបង់បានអះអាងថាកងកម្លាំងដែលឈ្លានពានជាច្រើននាក់បានស្លាប់និងរងរបួសអ្នកនាំពាក្យសម្រាប់បេសកកម្មគាំទ្រគោលជំហររបស់អង្គការណាតូនៅក្រុងកាប៊ុលម្នាក់បាននិយាយថាគ្មាននរណាម្នាក់ក្នុងចំណោមមនុស្សរបស់ខ្លួនត្រូវបានរងការប៉ះពាល់ក្នុងការវាយប្រហារនេះទេ។​ នាយប៉ូលិសក្រុងកាប៊ុលលោក Abdul Rahman Rahimi បាននិយាយថាហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅមួយកន្លែងដោយមិនមានបុគ្គលិកយោធានៅក្បែរនោះទេ។ មនុស្ស ១៨នាក់ក្នុងចំណោមមនុស្ស ៣៣នាក់ដែលរងរបួសពីការវាយប្រហារនោះគឺជាកុមារដែលកំពុងសិក្សា ចំណែក ៤នាក់ផ្សេងទៀតគឺជាស្រ្តី។ លោក Rahimi និយាយក្នុងឧប្បត្តិហេតុនេះថា សត្រូវរបស់មនុស្សជាតិបានបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយគ្រឿងនៅមុខ Madrassa ជាកន្លែងដែលកុមារកំពុងសិក្សា Koran និងអ៊ីស្លាម។ វាបង្ហាញថាពួកគេជាសត្រូវនៃវិហារ និងព្រះគម្ពីរកូរ៉ាននេះ”។ គួរបញ្ជាក់ផងដែរថាការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Raheel Sharif បានធ្វើទស្សនកិច្ចក្រុងកាប៊ុលក្នុងកិច្ចចរចារសន្តិភាពជាមួយពួកតាលីបង់។

ISIS 29-12-15