ចិននឹងមិនបណ្តោយឲ្យសន្តិសុខនៅឧបទ្វីបកូរ៉េកាន់តែយ៉ាប់យឺនខ្លាំងនោះទេ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៦

ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង បាននិយាយថាទីក្រុងប៉េកាំងនឹងមិនបណ្តោយអោយស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ កាន់តែយ៉ាប់យឺនទៅនោះទេ។ លោក ហ្ស៊ី ជិនពីង និយាយទៅកាន់គណប្រតិភូក្នុងកម្មវិធីបើកកិច្ចប្រជុំលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តរដ្ឋមន្ត្រីការបរទេសក្នុងតំបន់អាស៊ីនៅទីក្រុងប៉េកាំងថាក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិននឹងអនុវត្តដំណោះស្រាយដែលពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខ យ៉ាងពេញលេញ និងទូលំទូលាយ។ ក្នុងនាមជាអ្នកជិតខាងនៃឧបទ្វីបនេះ យើងពិតជាមិនអនុញ្ញាតឱ្យមានសង្គ្រាមឬភាពចលាចលនៅលើឧបទ្វីបនេះទេ ខណៈដែលពេលមានសង្គ្រាមកើតឡើងវានឹងមិនផ្តល់ប្រយោជន៍ដល់នរណាម្នាក់នោះឡើយ។ ចលនារបស់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរបានកើនឡើងកាន់តែខ្លាំងចាប់តាំងពីខែមករា នៅពេលដែលប្រទេសនេះបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៤ របស់ខ្លួន និងការសាកល្បងមីស៊ីលជាបន្តបន្ទាប់ដែលអាចចែកចាយអាវុធបែបនោះបាន។ ដោយឡែកប្រទេសកូរ៉េខាងត្បូង និងប្រទេសដទៃទៀតកំពុងឃ្លាំមើលយ៉ាងភ័យខ្លាចលើការជំទាស់របស់កូរ៉េខាងជើងលើសេចក្តីសំរេចអង្គការសហប្រជាជាតិ ក្នុងគោលបំណងទប់ស្កាត់នុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលគ្រាប់ផ្លោងរបស់កូរ៉េខាងជើងដែលរំពឹងថាការធ្វើការសាកល្បងផ្សេងទៀតនៅពេលក្រោយ។ គួរបញ្ជាក់ថាប្រទេសចិនគឺជាអ្នកនៅពីក្រោយខ្នងសេដ្ឋកិច្ច និងការទូតសំខាន់បំផុតរបស់កូរ៉េខាងជើង ប៉ុន្តែបានខឹងសម្បាយ៉ាងខ្លាំង ដោយសារការធ្វើការសាកល្បងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបានចុះហត្ថលេខាលើការដាក់ទណ្ឌកម្មដ៏តឹងរឹងរបស់អង្គការសហប្រជាជាតិ៕

Chinese 29-04-16