អង្គការសហប្រជាជាតិ៖ ប្រជាជននៅក្នុងប្រទេសស៊ូដង់ខាងត្បូងចំនួន៣៦,០០០នាក់បានផ្លាស់ទីលំនៅ

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦

អង្គការសហប្រជាជាតិបានឲ្យដឹងថាមនុស្សប្រហែល ៣៦,០០០នាក់បានផ្លាស់ទីលំនៅចាប់តាំងពីចាប់ផ្តើមមានការប្រយុទ្ធក្នុងប្រទេសស៊ូដង់ខាងត្បូងកាលពីសប្តាហ៍មុន។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្កការសហប្រជាជាតិ Ban Ki Moon បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនេះថាប្រជាជនប្រហែល ៥,០០០នាក់ស្វែងរកទីជំរកនៅក្នុងបរិវេណរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Juba ហើយប្រជាជនខ្លះទៀតដែលមានចំនួន ២៨,០០០នាក់បានរស់នៅរួចទៅហើយចាប់តាំងពីឆ្នាំ ២០១៣។ ទាហានរដ្ឋាភិបាលបានបាញ់មកលើបរិវេណរបស់អង្គការសហប្រជាជាតិដែលបណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់ ៨នាក់ស្លាប់។ រដ្ឋាភិបាលស៊ូដង់ខាងត្បូងបានឱ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ២៧២នាក់ស្លាប់រួមទាំងជនស៊ីវិល៣៣នាក់ នៅក្នុងការប្រយុទ្ធគ្នាដែលផ្ទុះឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ដោយមានការបាញ់កាំភ្លើងរវាងកងកម្លាំងរបស់រដ្ឋាភិបាល និងកងកម្លាំងកងទ័ពប្រឆាំងដែលជាហេតុបង្កើននូវភាពភ័យខ្លាចនៃការវិលត្រឡប់ទៅកាន់សង្រ្គាមស៊ីវិល។ លោក Dujarric និយាយថាភាគច្រើននៃជនភៀសខ្លួនគឺជាស្ត្រី និងកុមារ៕

Sudan 13-07-16