ឆ្មាំព្រំដែនរបស់បង់ក្លាដែសប្រឆាំងតវ៉ាបន្ទាប់ពីកងទ័ពជើងទឹករបស់ប្រទេសភូមាបាញ់កម្ទេចទូកនេសាទរបស់ខ្លួន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៦

ឆ្មាំព្រំដែនរបស់ប្រទេសបង់ក្លាចោទទៅលើកងកម្លាំងកងទ័ពជើងទឹករបស់ប្រទេសភូមាកាលពីថ្ងៃពុធនេះថាបានបាញ់ប្រហារមកលើទូកនេសាទមួយរបស់ខ្លួននៅក្នុងឈូងសមុទ្រ Bengal ដែលជាតំបន់មានភាពតានតឹងនៃជនភៀសខ្លួននៅឡើយ។ យ៉ាងហោចណាស់មានអ្នកនេសាទជនជាតិបង់ក្លាដែស៤នាក់រងរបួស នេះបើយោងតាមការបញ្ជាក់ពីឆ្មាំព្រំដែនប្រាប់មកសារព័ត៌មាន Reuters។ លោក Mohammad Saiful Absar មេបញ្ជាការឆ្មាំព្រំដែនបង់ក្លាដែសនិយាយថា “អ្នកនេសាទទាំងនោះកំពុងតែនេសាទនៅលើឈូងសមុទ្រ Bengal ហើយក៏រងការបាញ់ប្រហារពីកងទ័ពជើងទឹករបស់ប្រទេសភូមាតែម្តង។ ហេតុការណ៍នេះកើតឡើងនៅពេលព្រឹកថ្ងៃអង្គារិ៍”។ កាលពីថ្ងៃពុធនេះឆ្មាំព្រំដែនបង់ក្លាដែសបានដាក់លិខិតតវ៉ាទៅកាន់សមភាគីភូមា ប៉ុន្តែអ្នកនាំពាក្យរបស់ការិយាល័យប្រធានាធិបតីភូមា លោក Zaw Htay និយាយថារដ្ឋាភិបាលមិនបានដឹងអំពីឧបទ្ទវហេតុ ឬការតវ៉ារបស់ប្រទេសបង់ក្លាដែសនោះទេ។ គួរបញ្ជាក់ផងដែរថាមនុស្សយ៉ាងហោចណាស់៨៦នាក់ត្រូវបានសម្លាប់ក្នុងប៉ុន្មានសប្តាហ៍នេះក្នុងការបង្ក្រាបរបស់កងទ័ពភូមានៅក្នុងទីក្រុង​ Rakhine។ ការបង្ក្រាបនេះបានចាប់ផ្តើមបន្ទាប់ពីមានការវាយប្រហារទៅលើការិយាល័យរបស់មន្រ្តីប៉ូលិសក្បែរព្រំដែនប្រទេសបង់ក្លាដែសដែលបណ្តាលឱ្យមន្រ្តីប៉ូលិស៩នាក់ស្លាប់៕