លោកប្រធានាធិបតី ដូណាស់ ត្រាំ ពិចារណាទៅលើការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្ស៊ី និងអឺរ៉ង់លើករណីប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៧

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley និយាយក្នុងបទសម្ភាសរបស់ទូរទស្សន៍ CNN ថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាស់ ត្រាំ កំពុងពិចារណាទៅលើការអនុវត្តទណ្ឌកម្មថ្មីប្រឆាំងទៅនឹងប្រទេសរុស្ស៊ី និងប្រទេសអឺរ៉ង់។ ថ្លែងនៅក្នុងកម្មវិធី State of the Union show នៅថ្ងៃអាទិត្យនេះ លោកស្រីនិយាយថាបញ្ហានៃការដាក់ទណ្ឌកម្មថ្មីដាក់នៅក្នុងការពិភាក្សារួចរាល់ហើយ។ លោកស្រី Haley ប្រាប់ទូរទស្សន៍ CNN ថាលោក ត្រាំ ចង់ដាក់ទណ្ឌកម្មកាន់តែធ្ងន់ទៅលើប្រទេសរុស្ស៊ី និងប្រទេសអឺរ៉ង់ថា “ខ្ញុំគិតថានេះគឺជាការសន្ទនាដែលលោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមបន្តទៅមុខទៀត។ ប៉ុន្តែខ្ញុំគិតថាលោកនឹងសម្លឹងមើលនៅក្នុងស្ថានភាពនេះ។ គ្មានអ្វីដែលនៅក្រៅតុពិភាក្សានោះទេក្នុងខណៈនេះ។ ការពិភាក្សាផ្សារភ្ជាប់ទៅនឹងស្ថានភាពកើតឡើងនៅក្នុងប្រទេសស៊ីរី”។ លោកស្រី Haley បន្ថែមថា “លោកអ្នកបានឃើញហើយអំពីសោកនាដកម្មគួរឱ្យខ្លាចទៅលើមនុស្សស្លូតត្រង់ ក្មេងៗ និងប្រតិកម្មរបស់ប្រទេសរុស្ស៊ីគឺមិនមានអ្វីនោះទេគ្រាន់តែ “តើរឿងនេះកើតឡើងដូចម្តេច? លោកអាសាដមិនបានធ្វើរឿងនេះទេ”។ តើនេះជាប្រតិកម្មដែលមានន័យដូចម្តេចទៅ?” នៅដើមសប្តាហ៍នេះ សារព័ត៌មាន AP រាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមស៊ើបអង្កេតថាតើប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារអាវុធគីមីនៅក្នុងទីក្រុងអ៊ីដលីបប្រទេសស៊ីរីដែរឬទេ? សហរដ្ឋអាមេរិកអះអាងថាសកម្មភាពនេះជារបស់ក្រុមដាម៉ាស់។ ការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកចាប់ផ្តើមក្រោយពេលការថ្កោលទោសរបស់ទីក្រុងម៉ូស្កូទៅលើការវាយប្រហារគ្រាប់មីស៊ីលតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើមូលដ្ឋានអាកាសនៅស៊ីរី។ គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុននេះ សហរដ្ឋអាមេរិកបាញ់គ្រាប់មីស៊ីល Tomahawk ចំនួន៥៩គ្រាប់ចេញពីនាវាចម្បាំងភាគខាងកើតសមុទ្រមេឌីទែរ៉ាណេសំដៅទៅកាន់មូលដ្ឋានអាកាស Shayrat ប្រទេសស៊ីរីក្បែរទីក្រុង Homs។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកនេះឆ្លើយតបទៅនឹងការវាយប្រហារអាវុធគីមីក្នុងទីក្រុងអ៊ីដលីបដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ដោយសារឧស្ម័នពុល។ ទីក្រុងវ៉ាស៊ីនតោនស្តីបន្ទោសទៅលើរដ្ឋាភិបាលស៊ីរីចំពោះហេតុការណ៍វាយប្រហារអាវុធគីមីទៅលើជនស៊ីវិលរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here