ជប៉ុន និងកូរ៉េខាងត្បូងជំរុញឱ្យលោកពូទីនដាក់ទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ និងសមភាគីកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីជម្រុញឲ្យប្រទេសរុស្ស៊ីដាក់ទណ្ឌកម្មថ្មីទៅលើទីក្រុងព្យុងយ៉ាងចំពោះការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ សហរដ្ឋអាមេរិកកាលពីថ្ងៃពុធនេះទាមទារឱ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មទៅលើការបញ្ឈប់ពាណិជ្ជកម្មប្រេងទៅប្រទេសកូរ៉េខាងជើង និងហាមឃាត់រាល់ទ្រព្យសម្បត្តិបរទេសរបស់មេដឹកនាំគីមជុងអ៊ុនដើម្បីបង្ខំកូរ៉េខាងជើងបញ្ចប់សកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែរ។ លោកអាបេនិយាយក្នុងសុន្ទរកថាមួយជាមួយលោកពូទីន និងលោក Moon Jae-in នៅក្នុងវេទិកាសេដ្ឋកិច្ចនៅ Vladivostok ថា “សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាក្នុងការដាក់សម្ពាធខ្លាំងបំផុតនៅលើប្រទេសកូរ៉េខាងជើង។ យើងត្រូវដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើងភ្លាមៗឲ្យគោរពដំណោះស្រាយទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបោះបង់ចោលកម្មវិធីគ្រាប់មីស៊ីលនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង” ។ ការអំពាវនាវនេះធ្វើឡើងត្រឹមតែរយៈពេលបួនថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងធ្វើការសាកល្បងគ្រាប់នុយក្លេអ៊ែរទី៦ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនដោយអះអាងថាទទួលបាន “ជោគជ័យដ៏ល្អឥតខ្ចោះ” ក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន។ ប្រទេសកូរ៉េខាងត្បូងជំរុញឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ហើយលោក Moon នៅ Vladivostok និយាយថា “ប្រហែលជាពេលវេលាមកដល់ហើយសម្រាប់ការដាក់ទណ្ឌកម្មកាន់តែខ្លាំងទៅលើទីក្រុងព្យុងយ៉ាង”។ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិនបង្ហាញថាខ្លួននឹងគាំទ្រដល់អង្គការសហប្រជាជាតិក្នុងការចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងប្រទេសកូរ៉េខាងជើងបន្ទាប់ពីការសាកល្បងបាញ់មីស៊ីលនេះ។ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី (Wang Yi) ប្រាប់សន្និសីទសារព័ត៌មានមួយនៅក្រុងប៉េកាំងថា “ក្រោមការវិវឌ្ឍន៍ថ្មីរបស់ឧបទ្វីបកូរ៉េប្រទេសចិនយល់ស្របថា ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិគួរតែឆ្លើយតបបន្ថែមទៀតដោយការចាត់វិធានការចាំបាច់ទៅលើរឿងនេះ។ យើងជឿជាក់ថាការដាក់ទណ្ឌកម្ម និងសម្ពាធនេះគឺជាគន្លឹះពាក់កណ្តាលនៃការដោះស្រាយបញ្ហា ហើយពាក់កណ្តាលទៀតគឺការសន្ទនា និងការចរចា”។ លោកពូទីនទទូចម្តងហើយម្តងទៀតថាការដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមទៅលើក្រុងព្យុងយ៉ាងនឹងមិនអាចដំណើរការទៅរួចនោះទេ ហើយផ្លូវតែមួយគត់សម្រាប់ការដោះស្រាយគឺទំនាក់ទំនងផ្នែកការទូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here