រហូតដល់ខែមករានេះជនស៊ីវិល៨៤១នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រតិបត្តិការក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៨

បញ្ជាការកងកម្លាំងចម្រុះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋបានសម្លាប់ជនស៊ីវិល៨៤១នាក់នៅក្នុងប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ក្រុមកងកម្លាំងចម្រុះរួមគ្នាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនបានវាយតម្លៃនៅក្នុងអំឡុងពេលខែមករាដែលជារបាយការណ៍គួរឲ្យទុកចិត្តគឺមានជនស៊ីវិលស្លាប់ និងរបួស១១៦នាក់ដោយសារប្រតិបត្តិការរបស់កងកម្លាំងចម្រុះ។ រហូតមកដល់ពេលនេះយោងតាមព័ត៌មានដែលវាយតម្លៃដោយក្រុមកងកម្លាំងចម្រុះរួមគ្នាដែលយ៉ាងហោចណាស់មានជនស៊ីវិល៨៤១នាក់ត្រូវបានសម្លាប់ដោយអចេតនាដោយការវាយប្រហាររបស់កងកម្លាំងសម្ព័ន្ធមិត្តចាប់តាំងពីថ្ងៃចាប់ផ្តើមប្រតិបត្តិការ។ យោងតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថាកងកម្លំាងសម្ព័ន្ធមិត្ត និងដៃគូបានរំដោះបាន៩៨%នៃតំបន់ដែលគ្រប់គ្រងដោយពួករដ្ឋអ៊ីស្លាម និងរំដោះបាន៧,៥លាននាក់នៃជនជាតិអ៊ីរ៉ាក់ និងជនជាតិស៊ីរីដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងដ៏ឃោរឃៅរបស់ពួករដ្ឋអ៊ីស្លាម។ នៅក្នុងសេចក្ដីថ្លែងការណ៍បានឲ្យដឹងថាបើទោះបីជាសមិទ្ធិផលដែលបានប្រកាសក៏ដោយក៏ការងារជាច្រើននៅតែត្រូវធ្វើដើម្បីធានាការបរាជ័យចុងក្រោយនៃក្រុមភេរវករដែលជាអង្គការឧក្រិដ្ឋកម្ម។ គួរបញ្ជាក់ថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានលេចរូបរាងឡើងក្នុងឆ្នាំ២០១៤ ហើយបានកាន់កាប់បានមួយភាគបីនៃទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ ក្រុមចម្រុះដែលគាំទ្រដល់កងទ័ពអ៊ីរ៉ាក់នៅក្នុងយុទ្ធនាការយោធាមួយបានកាន់កាប់ឡើងវិញលើទឹកដីទាំងអស់ដែលបានកាន់កាប់ដោយពួក IS កាលពីខែធ្នូកន្លងមក។ សង្រ្គាមបានធ្វើឲ្យប្រជាជនជិត៥លាននាក់ផ្លាស់ទីលំនៅដែលសព្វថ្ងៃពួកគេស្ទើរតែទាំងអស់បានវិលត្រលប់ទៅកាន់ផ្ទះរបស់ពួកគេវិញខណៈដែលមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ដោយពួក IS ឬដោយយន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here