ប្រទេសភូមា៖ មានការផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Sittwe រដ្ឋរ៉ាឃីន

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៨

ប៉ូលិសបាននិយាយថាគ្រាប់បែក៣គ្រាប់បានផ្ទុះនៅក្នុងទីក្រុង Sittwe រដ្ឋរ៉ាឃីនប្រទេសភូមា។ មន្រ្តីប៉ូលិសម្នាក់រងរបួសស្រាលក្នុងការផ្ទុះនេះ ហើយនៅមិនទាន់ដឹងច្បាស់ថានណានៅពីក្រោយការផ្ទុះនៅឡើយទេនេះបើតាមការនិយាយរបស់ប៉ូលិស។ គ្រាប់បែក១គ្រាប់ផ្ទុះនៅជិតផ្ទះមន្រ្តីមូលដ្ឋានម្នាក់ និង ២ផ្សេងទៀតផ្ទុះនៅជិតតុលាការ និងការិយាល័យកំណត់ត្រា។ ច្រើនជាងពាក់កណ្តាលជនជាតិរ៉ូហ៊ីងយ៉ាមូស្លីមមកពីរដ្ឋរ៉ាឃីនបានរត់គេចពីការបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេកាលពីឆ្នាំមុនដែលអង្គការសហប្រជាជាតិហៅថាការសម្អាតជនជាតិភាគតិច។ ភូមិរបស់ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានដុត ហើយមនុស្សរាប់ពាន់នាក់ត្រូវសម្លាប់ក្នុងវាយបកបន្ទាប់ពីពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាវាយប្រហារជាបន្តបន្ទាប់ទៅលើប៉ុស្តិ៍ប៉ូលិស។ យោធាភូមានិយាយថាខ្លួនកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ និងបដិសេធការវាយប្រហារទៅលើជនស៊ីវិល។ ភាពតានតឹងរវាងអាជ្ញាធរ និងពុទ្ធសាសនិកជនជាតិភាគតិចនៅរដ្ឋរ៉ាឃីនបន្ទាប់ពីមនុស្ស៧នាក់ត្រូវសម្លាប់កាលពីខែមុននៅពេលប៉ូលិសបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សដែលព្យាយាមដណ្តើមយកការិយាល័យរដ្ឋាភិបាលក្នុងតំបន់។ យោងតាមទីភ្ញាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមឧទ្ទាមជនជាតិភាគតិចនៅរដ្ឋរ៉ាឃីនបានប្ដេជ្ញាសងសឹកចំពោះការសម្លាប់ក្រុមអ្នកតវ៉ា។ អ្នកនាំពាក្យប៉ូលិសលោក Colonel Myo Thu Soe បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាគ្រាប់បែកដៃដែលមិនទាន់ផ្ទុះ៣គ្រាប់ផ្សេងទៀត បានរកឃើញនៅក្នុងទីក្រុងផងដែរ។ ទីក្រុង Sittwe មានចំងាយប្រមាណជា១០០គីឡូម៉ែត្រភាគខាងត្បូងនៃកន្លែងកើតឡើងអំពើហិង្សាជាច្រើនដែលប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។ ប្រជាជនរ៉ូហ៊ីងយ៉ាភាគច្រើននៅទីក្រុង Sittwe ចាកចេញពីលំនៅឋានរបស់ពួកគេបន្ទាប់ពីអំពើហិង្សាសាសនាក្នុងឆ្នាំ២០១២។ មានមនុស្សប្រមាណជា១០០,០០០នាក់កំពុងរស់នៅក្នុងជំរុំជនភៀសខ្លួនអន្តរជាតិនៅខាងក្រៅទីក្រុង។ ដោយឡែកពីគ្នាក្រុមយុទ្ធនាការរបស់ Human Rights Group បាននិយាយថាយោងតាមរូបភាពផ្កាយរណបបង្ហាញថាភូមិរ៉ូហ៊ីងយ៉ាទាំងមូលរងការខូចខាតដោយភ្លើង ហើយត្រូវបានឈូសឆាយទាំងស្រុងផងដែរ។ ក្រុមនេះបានបន្តទៀតថាការបំផ្លិចបំផ្លាញផ្ទះលុបភស្តុតាងសម្រាប់ការអះអាងស្របច្បាប់ដោយសារការនិរទេសខ្លួនរបស់ជនជាតិរ៉ូហ៊ីងយ៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here