ប្រទេសទួរគីរៀបចំកម្លាំងប្រយុទ្ធថ្មីក្នុងតំបន់ Afrin ដើម្បីត្រៀមការប្រយុទ្ធថ្មី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៨

ក្រុងអង់ការ៉ាបញ្ចូនកម្លាំងប៉ូលិសពិសេសថ្មីទៅភាគខាងជើងប្រទេសស៊ីរីក្នុងតំបន់ Afrin ដើម្បីរៀបចំការប្រយុទ្ធថ្មីប្រឆាំងនឹងក្រុមឃើដ។ ពួកគេថែមទាំងនិយាយថាបទឈប់បាញ់គ្នាមិនមានឥទ្ធិពលលើប្រតិបត្តិការពួកគេទេ។ កម្លាំងពិសេសឆ្លងពីភាគខាងត្បូងខេត្ត Kilis និង Hatay ក្នុងប្រទេសទួរគីចូលទឹកដីប្រទេសស៊ីរីនេះបើយោងតាមសេចក្តីរាយការណ៍។ គេរំពឹងថាកងកម្លាំងថ្មីនឹងដណ្តើមភូមិដែលកាន់កាប់ដោយអង្គភាពការពារប្រជាជនឃើដ (YPG) និងចូលរួមការប្រយុទ្ធតាមទីប្រជុំជនក្នុងប្រតិបត្ដិការ Olive Branch ដែលប្រតិបត្តិការនេះចាប់ផ្តើមពីតំបន់ជនបទឆ្ពោះទៅកន្លែងតាំងទីលំនៅធំៗ។ ការដាក់ពង្រាយកងកម្លាំងពិសេសជាផ្នែកមួយនៃការរៀបចំកិច្ចប្រយុទ្ធថ្មីដែលជិតចាប់ផ្តើមនេះបើយោងតាមប្រភពព័ត៌មានពីឧបនាយករដ្ឋមន្ត្រីលោក Bekir Bozdag ប្រាប់ទូរទស្សន៍ NTV របស់ប្រទេសទួរគី។ ការប្រយុទ្ធគ្នានឹងផ្លាស់ប្តូរទៅកន្លែងដែលមានជនស៊ីវិលព្រោះតំបន់ (ប្រយុទ្ធ) កាន់តែចង្អៀត។ លោកបន្ថែមថាកងកម្លាំងឯកភាពពិសេសមានបទពិសោធន៍ក្នុងការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់។ ទោះបីជាប្រតិបត្តិការរបស់ប្រទេសទួរគីចូលដល់សប្តាហ៍ទី៦ក៏ទីប្រជុំជនធំៗភាគច្រើនក្នុងតំបន់ដែលជនជាតិឃើដកាន់កាប់ រួមទាំងតំបន់ Afrin នៅតែស្ថិតនៅក្នុងដៃរបស់ YPG ដដែល។ កងទ័ពទួរគីបើកយុទ្ធនាការសម្អាតយុទ្ធជនឃើដពីគ្រប់តំបន់ជាប់ព្រំដែនប្រទេសទួរគីនេះបើយោងតាមប្រភពរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ នៅថ្ងៃទី២០ ខែកុម្ភៈប្រធានាធិបតីប្រទេសទួរគីលោក Recep Tayyip Erdogan និយាយថា កងទ័ពនឹងឡោមព័ទ្ធតំបន់ Afrin ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបន្ថែមថានៅពេលពិនិត្យមើលដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឃើញថាការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករគឺស្ថិតនៅក្រៅ វិសាលភាពរបស់បទឈប់បាញ់គ្នា។ ដូច្នេះវានឹងមិនប៉ះពាល់ដល់ប្រតិបត្តិការរបស់ប្រទេសទួរគីនោះទេនេះបើយោងតាមប្រសាន៍របស់លោក Bozdag ដកស្រង់ដោយភ្នាក់ងារព័ត៌មាន Anadolu៕

LEAVE A REPLY

Please enter your comment!
Please enter your name here