សន្តិសុខអ៊ីរ៉ាក់ចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម២នាក់ក្នុងខេត្ត Nineveh ប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨

កងកំលាំងសន្តិសុខអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃអាទិត្យនេះថា បានចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម២នាក់នៅក្នុងបន្ទាយចុងក្រោយរបស់ក្រុមនេះក្នុងរដ្ឋធានី Mosul។ ទូរទស្សន៍ Dijlah ដកស្រង់សម្តីប៉ូលិសខេត្ត Nineveh និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភេរវករពីរនាក់ត្រូវចាប់ខ្លួនខណៈកំពុងព្យាយាមរត់គេចខ្លួនចេញពីស្រុក Tal Afar ឆ្ពោះទៅកាន់រដ្ឋធានី Mosul ដោយប្រើប្រាស់រថយន្តដែលលួចជាមួយនឹងអត្តសញ្ញាណប័ណ្ណក្លែងក្លាយ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ភេរវករទាំងពីរត្រូវបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលនៃបញ្ជាការប៉ូលិសខេត្ត Nineveh ដើម្បីសួរចម្លើយ។ គួររំលឹកថានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi ប្រកាសកាលពីខែសីហាឆ្នាំមុនថាខេត្ត Nineveh រំដោះចេញពីរដ្ឋអ៊ីស្លាមទាំងស្រុងបន្ទាប់ពីធ្វើការកាន់កាប់ឡើងវិញលើស្រុក Tal Afar។

ពួកសកម្មប្រយុទ្ធ IS កាន់កាប់តំបន់ភាគច្រើនលើខេត្ត Nineveh រួមទាំងរដ្ឋធានី Mosul កាលពីខែមិថុនាឆ្នាំ២០១៤។ ជ័យជម្នះនេះត្រូវប្រកាសនៅក្នុងទីក្រុងកាលពីខែកក្កដាឆ្នាំមុន។ រដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមប្រតិបត្តិការមួយដើម្បីដណ្តើមយកការកាន់កាប់ឡើងវិញលើស្រុក Tal Afar កាលពីខែសីហាកន្លងមកដែលមានអ្នកចូលរួមក្នុងប្រតិបត្តការចំនួន៥០,000នាក់មកពីកងទ័ពជើងគោក កងកម្លាំងអាកាស ប៉ូលិសសហព័ន្ធ កងកម្លាំងពិសេស និងកងកម្លាំងចលនានិយម។

បើទោះបីជាក្រុមនេះទទួលបរាជ័យក៏ដោយ ក៏ក្រុមតូចៗដែលស្ថិតនៅតំបន់ដាច់ស្រយាលនៅតែមានទំនាក់ទំនងគ្នាជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមដែលនៅតែបន្តធ្វើសកម្មនៅកន្លែងខ្លះក្នុងប្រទេសនេះ។ កាលពីសប្តាហ៍ថ្មីៗនេះគេសង្ស័យថាមានក្រុមបះបោររដ្ឋអ៊ីស្លាមធ្វើការវាយប្រហារជាច្រើនដងដោយសំដៅលើកងកម្លាំងសន្តិសុខស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here