Home ព័ត៌មានអន្តរជាតិ រថយន្តដឹកប្រេ...

រថយន្តដឹកប្រេងផ្ទុះសម្លាប់មនុស្ស២នាក់ និងរងរបួសរាប់សិបនាក់នៅទីក្រុង Bologna ប្រទេសអ៊ីតាលី

11
SHARE

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨

រថយន្តដឹកប្រេង និងរថយន្តដឹកទំនិញមួយគ្រឿងបុកគ្នានៅលើផ្លូវហាយវេជាយទីក្រុង Bologna ភាគខាងជើងប្រទេសអ៊ីតាលី បណ្តាលឱ្យមានអគ្គីភ័យ និងការផ្ទុះយ៉ាងធ្ងន់ធ្ងរ។

រូបភាពចេញផ្សាយដោយប៉ូលិសបង្ហាញថា​ រថយន្តដឹកប្រេងបុកចូលទៅក្នុងឡានដឹកទំនិញដែលកំពុងឈប់ស្ងៀមនៅផ្លូវហាយវេ។

បន្ទាប់មករថយន្តទាំង២ឆាបឆេះបង្កឱ្យមានអណ្តាតភ្លើងយ៉ាងខ្លាំងបណ្តាលឱ្យផ្នែកខ្លះនៃស្ពានដួលរលំទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលីនិយាយថា មានមនុស្ស២នាក់ស្លាប់ និងយ៉ាងហោចណាស់មានមនុស្ស៥៥នាក់ផ្សេងទៀតបានរងរបួសផងដែរ។

អគ្គីភ័យនេះរាលដាលទៅដល់កន្លែងចតរថយន្តមួយកន្លែងដែលមានរថយន្តជាច្រើនចតនៅទីនោះ។

ក្រុមប៉ូលិសបានបិទផ្លូវមួយចំនួននៅក្នុងតំបន់ Borgo Panigale ដែលជាតំបន់នៅជាយក្រុងបង្កឱ្យមានការពន្យារពេលយ៉ាងធ្ងន់ធ្ងរ ដល់អ្នកធ្វើដំណើរទៅកាន់ព្រលានយន្តហោះក្បែរនោះ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចប្រសព្វតំបន់ Casalecchio ដែលតភ្ជាប់ពី A1 ទៅ A14 ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីរាយការណ៍ថា មនុស្សជាច្រើនត្រូវរងរបួសក្នុងហេតុការណ៍នេះ ដោយសារកម្ទេចកម្ទី និងកញ្ចក់ពីការផ្ទុះ ហើយបង្អួចផ្ទះជាច្រើនក៏បានបាក់បែកផងដែរ៕