រដ្ឋអ៊ីស្លាមបំផ្ទុះអគារបញ្ជូនចរន្តអគ្គិសនីនៅភាគនិរតីខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាសមាជិករដ្ឋអ៊ីស្លាមបានបំផ្ទុះអគារបញ្ជូនចរន្តអគ្គិសនីមួយស្ថិតនៅភាគនិរតីខេត្តKirkuk។ ថ្លែងប្រាប់គេហទំព័រBaghdad Today ប្រភពបាននិយាយថាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបំផ្ទុះអគារបញ្ជូនចរន្តអគ្គិសនីស្ថិតនៅក្នុងភូមិមួយក្នុងទីក្រុងHawija ភាគនិរតីខេត្តKirkuk។

យោងតាមប្រភពបានឲ្យដឹងថាការវាយប្រហារនេះគឺជាការវាយប្រហារលើទី២១ហើយ។ ប្រភពបានប្រាប់ឲ្យដឹងទៀតថាអគារនេះបានខូចខាតទាំងស្រុង។ គួររំលឹកថាកាលពីថ្ងៃចន្ទនេះក្រសួងមហាផ្ទៃអ៊ីរ៉ាក់បាននិយាយថាមេដឹកនាំរដ្ឋអ៊ីស្លាមដ៏លេចធ្លោ២នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងHawija។ មនុស្ស២នាក់ត្រូវបានសម្លាប់ខណៈដែលជនស៊ីវិលម្នាក់បានរងរបួសកាលពីថ្ងៃសៅរ៍នៅក្នុងហេតុការវាយប្រហារមួយដែលធ្វើឡើងដោយរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងភូមិមួយក្នុងទីក្រុងHawija។

គួរបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះបានចាប់ផ្តើមឡើងកាលពីខែតុលាឆ្នាំ២០១៦។

រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួកវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។ កាលពីខែធ្នូកន្លងមកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi បានប្រកាសថាបានគ្រប់គ្រងលើ ដែនដីទាំងអស់ឡើងវិញដែលធ្លាប់ស្ថិតនៅក្រោមការកាន់កាប់របស់រដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤មក។

LEAVE A REPLY

Please enter your comment!
Please enter your name here